24. ខែ​មិថុនា 2021

អ្វីទៅ​ជា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត?​តើ​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​អាច​ជួប​ប្រទះ​ឬ​? | Health.D Cam

ខែ​កញ្ញា 1, 20201min1000
depression

មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាចមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយសារ​មូលហេតុ​ផ្សេងៗ​គ្នា និង​ពេល​វា​លា​ខុសៗ​គ្នា​ ដូចជា​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា ឪពុកម្តាយ​ដែល​បាត់បង់​កូន​ជាទី​ស្រលាញ់ ស្ត្រី​ដែល​ទើប​សម្រាលកូន​រួច ប្តី​ប្រពន្ធ​ដែលមាន​បញ្ហា​នៅក្នុង​គ្រួសារ ឬ​ដៃគូ​ស្នេហា​ដែលមាន​អំពើ​ផិតក្បត់​ជាដើម​។ មនុស្ស​ជាច្រើន​តែង​យល់​ច្រ​លំ​ថា​ការធ្លាក់​ទឹកចិត្ត​ជា​អារម្មណ៍​ដែល​មិនល្អ ឬ​ជាការ​ព្រួយបារម្ភ​ទៅលើ​បញ្ហា​ណាមួយ​ខ្លាំងពេក​។ ជាការ​ពិត ការធ្លាក់​ទឹកចិត្ត​ជា​អារម្មណ៍​ដែល​លើសពី​ការបារម្ភ ការភ័យព្រួយ ឬ​ទុក្ខសោក​នៅក្នុង​ចិត្ត តែ​វា​ជា​អារម្មណ៍​ដែល​ប៉ះពាល់​ដល់​គ្រប់ផ្នែក​នៃ​ជីវិត​របស់​មនុស្ស​យើង​ ដូចជា​ការគិត ការប្រព្រឹត្តិ និង​សកម្មភាព​នានា​នៅក្នុង​សង្គម​។ ការធ្លាក់​ទឹកចិត្ត​មាន​ច្រើន​ទម្រង់​ដែល​យើង​គួរស្វែងយល់​ដើម្បី​ដឹង​ពី​ឬ​សគល់​នៃ​បញ្ហា ហើយ​អាច​ស្វែងរក​ដំណោះស្រាយ​ដែល​ល្អប្រសើរ​។ នេះ​ជា​ប្រភេទ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ខ្លះៗ​ដែល​អ្នក​ប្រហែលជា​ធ្លាប់​ជួបប្រទះ​៖

១. ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ង​(Major Depression)

​ប្រសិនបើ​អ្នក​កំពុងមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ អ្នក​អាចមាន​អារម្មណ៍ និង​ឃើញ​រោគសញ្ញា​នៃ​ភាព​សោកសៅ ភាព​អស់សង្ឃឹម ការ​ខ្ជិលច្រអូស លែង​ចាប់អារម្មណ៍​ចំពោះ​សកម្មភាព​ដែលរីករាយ កង្វះ​ថាមពល ឆាប់​ខឹង ផ្លាស់ប្តូរ​ទម្លាប់​គេង​ ឬ​ញាំ ការឈឺចាប់​លើ​រាងកាយ និង​មានគំនិត​ចង់​ធ្វើអត្តឃាត​ជាដើម​។ វេជ្ជបណ្ឌិត​ហា​ឡា​រិ​ស​នៅ​សហរដ្ឋអាមេរិក​បាន​ព​ន្យ​ល់​ថា ​ការព្យាបាល​ល្អ​បំផុត​ជាធម្មតា​គឺ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ប៉ុន្តែ​ការព្យាបាល​ដោយ​ការនិយាយ ឬជជែក​ក៏​អាច​ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​ផងដែរ​។ ហើយ​ប្រមាណ ៨០​ទៅ​៩០ ភាគរយ​នៃ​មនុស្ស​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​មាន​ភាពប្រសើ​ឡើង​ក្រោយពី​ការព្យាបាល​។​

២. ជំងឺ​ធ្លាក់​ទឹកចិត្ត​ស្រួចស្រាវ (Dysthymia)

Dysthymia គឺជា​ប្រភេទ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដែល​បណ្តាលឱ្យមាន​អារម្មណ៍​បាក់​ទឹកចិត្ត​ក្នុង​រយៈពេល​យូរ ប្រហែលជា​មួយឆ្នាំ​ឬ​ច្រើនជាង​នេះ​។​ លោក វេជ្ជបណ្ឌិត​ហា​ឡា​រិ​សបាន​លើកឡើងថា​៖ “​អ្នកជំងឺ​នេះ​អាច​ប្រព្រឹត្តិ​ ឬ​ធ្វើ​សកម្មភាព​បាន​ធម្មតា ប៉ុន្តែ​មិនមាន​ប្រសិទ្ធិភាព​ទេ​” ។ រោគសញ្ញា​នៃ​ជំងឺ​ប្រភេទ​នេះ​រួម​មាន៖ ភាព​សោកសៅ បញ្ហាជាមួយការ​ផ្ទ​ង់​អារម្មណ៍ អស់កម្លាំង​ និង​ការផ្លាស់ប្តូរ​ទម្លាប់​គេង និង​ចំណង់​អាហារ​ផងដែរ​។ ប្រភេទ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​នេះ ជាធម្មតា​ត្រូវការ​ការព្យាបាល​ដោយ​ការនិយាយ​ ឬជជែកជាង​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ ទោះបីជា​ការស្រាវជ្រាវ​មួយចំនួន​បានបង្ហាញ​ថា​ការបញ្ចូល​គ្នា​រវាង​ថ្នាំ​ជាមួយនឹង​ការព្យាបាល​ដោយ​ការនិយាយ រជជែក​អាច​នាំឱ្យមាន​ភាពប្រសើរ​បំផុត​ក៏ដោយ​។

៣. ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្រោយ​ឆ្លងទន្លេ (Postpartum Depression)

​ការធ្លាក់​ទឹកចិត្ត​ក្រោយ​ឆ្លងទន្លេ​ត្រូវបាន​កំណត់ដោយ​អារម្មណ៍​នៃ​ភាព​ទុក្ខព្រួយ​ខ្លាំង ការ​ថប់​អារម្មណ៍ អស់កម្លាំង ភាព​ឯក​កោ ភាព​អស់សង្ឃឹម មានគំនិត​ធ្វើអត្តឃាត ការភ័យខ្លាច​ធ្វើឱ្យ​កូន​ឈឺចាប់ និង​អារម្មណ៍​ផ្តាច់​ចេញពី​កូន​ជាដើម​។ ប្រភេទ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​នេះ​អាច​កើតឡើង​គ្រប់​ទីកន្លែង​ចាប់​ពីមួយ​សប្តាហ៍​ទៅ​ច្រើន​ខែ​បន្ទាប់ពី​ការ​សម្រាលកូន​ហើយ​។ វេជ្ជ​.​ហា​ឡា​រី​សបាន​មានប្រសាសន៍ថា ​វា​ស្ទើរតែ​បន្ត​រហូតដល់​រយៈពេល​មួយឆ្នាំ​បន្ទាប់ពី​ស្ត្រី​សម្រាលកូន​រួច​។ គាត់​និយាយថា “​វា​ត្រូវការ​ការថែទាំ​វេជ្ជសាស្ត្រ និង​បទពិសោធន៍​នៃ​ការថែទាំ​ដែល​រួមបញ្ចូល​ទាំង​ការនិយាយ ឬជជែក ​និង​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​។​

៤.​ជំងឺ​វង្វេងស្មារតី​នៅមុន​ពេល​មក​រដូវ (Premenstrual Dysphoric Disorder)

​ជំងឺ​វង្វេងស្មារតី​មុនពេល​មាន​រដូវ (PMDD) គឺជា​ប្រភេទ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដែល​ជះឥទ្ធិពល​ដល់​ស្ត្រី​ក្នុងដំណាក់កាល​បង្ក​រកំ​ណើ​ត​(​ជា​មធ្យម​១៤​ថ្ងៃ​)​នៃ​វដ្ត​រដូវ​របស់​ពួកគេ​។ រោគសញ្ញា​នៃ​ជំងឺ​នេះ​រួមមាន​៖ ការធ្លាក់​ទឹកចិត្ត ការ​ថប់​អារម្មណ៍ និង​ការផ្លាស់ប្តូរ​អារម្មណ៍​។ វេជ្ជ​.​ហា​ឡា​រិ​ស​និយាយថា​ជម្ងឺ PMDD អាច​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​ស្ត្រី​ និង​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​បំពេញការងារ​ជាធម្មតា​នៅពេល​ចេញ​រោគសញ្ញា​។ ការព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​ប្រភេទ​នេះ​អាច​រួមបញ្ចូល​ទាំង​ការប្រើ​ថ្នាំ​ប្រឆាំងនឹង​ការធ្លាក់ទឹកចិត្ត​ក៏ដូចជា​ការព្យាបាល​ដោយ​ការនិយាយ ឬជជែក និង​ការព្យាបាល​ដោយ​ការរៀបចំ​អាហារូបត្ថម្ភ​ផងដែរ​។​

៥. ជំងឺ​ធ្លាក់​ទឹកចិត្ត​តាម​ស្ថានភាព​ណាមួយ (Situational Depression)

​ជំងឺ​នេះ​បាន​បង្កឡើង​ដោយ​ព្រឹត្តិការណ៍​ស្ត្រេ​ស ឬ​ការផ្លាស់ប្តូរ​ស្ថានភាព​ជីវិត​ណាមួយ​ដូចជា​៖ ​ការបាត់បង់​ការងារ ការស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់ ការប៉ះទង្គិច​ផ្លូវចិត្ត ឬ​សូម្បីតែ​ការបែកបាក់​ស្នេហា​ដ៏​ឈឺចាប់​បំផុត​។ ជំងឺ​ធ្លាក់​ទឹកចិត្ត​តាម​ស្ថានភាព​នេះ​គឺមាន​ប្រហែល​៣​ដង​ច្រើនជាង​ការធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ង​រ ហើយ​ការប្រើ​ថ្នាំ​គឺ​កម្រ​ណាស់ ដោយសារតែ​វា​នឹង​បាត់​ទៅវិញ នៅពេលដែល​ស្ថានភាព ឬ​ព្រឹត្តិការណ៍​នោះបាន​បញ្ចប់​។ ទោះជាយ៉ាងណា​ក្តី វា​មិន​មែនមានន័យថា​វា​គួរ​ត្រូវបាន​គេ​មិន​អើពើ​នោះទេ​។ រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​នេះ​អាច​រួមបញ្ចូល​ទាំង​ភាព​ទុក្ខព្រួយ ការព្រួយបារម្ភ ឬ​ការ​ភ័យ​ខ្លាំងពេក ហើយ​ប្រសិនបើ​អ្នកជំងឺ​មិនបាន​ដោះស្រាយ​ទេ ពួកគេ​អាច​នឹង​ឈានទៅដល់​សញ្ញា​ព្រមាន​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam

ប្រភពឯកសារពិគ្រោះEVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam