24. ខែ​មិថុនា 2021

វិធី៥​យ៉ាង​ដើម្បី​បង្កើន​សុភមង្គល​ជីវិត​ | Health.D Cam

ខែ​វិច្ឆិកា 13, 20201min860
happy-lifestyle-happiness

​វា​ហាក់ដូចជា​ពិបាក​នឹង​ជឿ ​ប៉ុន្តែ​មានការ​ពិតជា​ច្រើន​នៅ​ពីក្រោយ​គំនិត​ថា​សុភមង្គល​គឺជា​ជំរើស​មួយ​។ ទោះបីជា​ហ្សែ​ន និង​កាលៈទេសៈ​ជីវិត​ដើរតួ​នាទីកំណត់​សុភមង្គល​របស់​អ្នក​ក៏ដោយ ប៉ុន្តែអ្នក​ពិតជា​អាច​គ្រប់គ្រង​វា​បាន​​។ ជាការ​ពិត វា​មិន​ត្រឹមតែចាប់​ម្រាមដៃ​​ ហើយ​​ទទួលបាន​សុភមង្គលនោះទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មានមនសិការ ​ការដឹងគុណ និង​សូម្បីតែ​ភាពស្និទ្ធស្នាល​ជាមួយនឹង​ពេលវេលា​របស់​អ្នក នោះ​អ្នកនឹង​កាន់តែ​រីករាយ​។ ដូច្នេះ​តើ​អ្នក​អាចធ្វើ​ដូចម្ដេច​បាន​?

សាកល្បង​វិធី ៥​យ៉ាងនេះ​ដើម្បី​បង្កើន​សុភមង្គល​របស់​អ្នក​៖

១. ភ្ជាប់​ឡើងវិញ​នូវ​អ្វីដែល​នាំឱ្យ​អ្នក​រីករាយ​៖ រាប់​ចាប់ពី​ការបោះ​បាល់បោះ រហូតដល់​ការចូល​រៀន​ថ្នាក់​សិល្បៈ។ មនុស្ស​គ្រប់គ្នា​មាន​សកម្មភាព​ដែល​ពួកគេ​ធ្លាប់​ចូលចិត្ត​។ ប្រហែលជា​អ្នក​មមាញឹក​ខ្លាំង ឬ​រាងកាយ​ចាប់ផ្តើម​ចាស់ ធ្វើឱ្យ​អ្នក​ចាក​ឆ្ងាយ​ពី​ទម្លាប់​ល្អៗ ឬ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​អ្នក​គួរតែ​ឈប់​ធ្វើ​រឿង​ទាំងនេះ​។ ក្រៅពី​ហេតុផល​ដែល​អ្នកធ្វើ​ឲ្យ​អ្នក​បោះបង់ សូម​ងាក​មក​ធ្វើ​សកម្មភាព​រីករាយ​ទាំងនោះ​ម្តងទៀត​។ ការភ្ជាប់​ឡើងវិញ​នូវ​អ្វីដែល​អ្នក​ចូលចិត្ត​ធ្វើ គឺជា​វិធី​សាមញ្ញ​មួយ​ដើម្បី​បង្កើន​ភាព​រីករាយ​រប​ស់​អ្នក​។​

២. ភ្ជាប់​ខ្លួន​ទៅនឹង​ពេលវេលា​ជាក់លាក់​៖ តើ​អ្នក​ធ្លាប់បាន​ចូលរួម​យ៉ាងខ្លាំង​នៅក្នុង​ការធ្វើ​អ្វីមួយ​ដែល​ពេលវេលា​ហាក់ដូចជា​នៅ​ដដែល ប៉ុន្តែ​ការព្រួយបារម្ភ​របស់​អ្នក​ហាក់ដូចជា​រលាយបាត់​ទេ​? នេះ​ត្រូវបាន​គេ​ហៅថា​៖ ការ​ស្ថិតក្នុង​ពេលវេលា​ជាក់លាក់​។ វា​ជា​អារម្មណ៍​នៃ​ការចូលរួម​យ៉ាង​ពេញលេញ​នៅក្នុង​កិច្ច​ការដែល​​មាន​ក្នុង​ដៃ ហើយ​វា​អាចជួយ​បង្កើន​សុភមង្គល​របស់​អ្នក​។ ការលេង​ឧបករណ៍​តន្ត្រី ឬ​ញៀន​នឹង​ការអាន​សៀវភៅ​ល្អ​មួយ​ក្បាល គឺជា​ឧទាហរណ៍​នៃ​របៀប​ដែល​អ្នក​អាច​ភ្ជាប់​ខ្លួនឯង​ទៅនឹង​ស្ថានភាព​មួយ​បាន​។​

៣. ស្វែងរក​អ្វីដែល​ថ្មី​ក្នុង​ជីវិត​ប្រចាំថ្ងៃ​៖ ខួរក្បាល​របស់​អ្នក​ត្រូវបាន​ទាក់ទាញ​​អ្វីដែល​ថ្មី ​ឬ​ជា​ដំណើររឿង​ណាមួយ​។ នៅពេល​អ្នក​កំពុង​យកចិត្តទុកដាក់​លើ​អ្វីដែល​ថ្មី អ្នកនឹង​ផ្តោតអារម្មណ៍​លើ​ពេល​បច្ចុប្បន្នភាព ដែល​អាច​ជម្រុញ​អារម្មណ៍​ដ៏​មាន​សុភមង្គល​។ ភ្ជាប់​ខួរក្បាល​របស់​អ្នក​ដោយ​ស្វែងរក​អ្វីដែល​ថ្មី ឬ​មើលឃើញ​អ្វីមួយ​តាមរបៀប​ថ្មី​។ អ្នក​មិនចាំបាច់​ទៅ​ឡើង​ភ្នំ​រាប់សិប​គីឡូម៉ែត្រ ឬ​សាកល្បង​កីឡា​ឡើង​ជញ្ជាំង​អី​ទេ​។ ចាប់ផ្តើម​ជាមួយ​អ្វីដែល​តូចតាច​ដូចជា​ដេក​លើ​ស្មៅ ហើយ​ក្រឡេកមើល​ពពក​។ ទោះបី​ពពក និង​ស្មៅ​មិនមែនជា​អ្វីដែល​ថ្មី​ក៏ដោយ ប៉ុន្តែ​ពពក​នីមួយៗ​មាន​លក្ខ​ណះ​ខុសគ្នា ហើយ​វា​ប្រែប្រួល​ទៅតាម​ពេលវេលា​ផងដែរ​។

៤. ឲ្យ​អាទិភាព​ខ្លួនឯង​ជាមុនសិន​៖ វា​តែងតែមាន​អ្វីដែល​អ្នក​គួរតែ​ធ្វើ ដូចជា​បញ្ជីរ​ការងារ​ត្រូវធ្វើ​ប្រចាំថ្ងៃ ហើយ​វា​ជា​អ្វីដែល​ធ្វើ​មិនចេះចប់​ឡើយ​។ វា​អាស្រ័យ​លើ​អ្នក​ដើម្បី​ថា​អាច​រក្សា​តុល្យភាព​បាន​ប៉ុណ្ណា​។ ប្រសិនបើ​អ្នករៀបចំ​ផែនការ​ការងារ សូម​រៀបចំ​ធ្វើ​អ្វីមួយ​យ៉ាងហោចណាស់​មួយថ្ងៃ​ក្នុង​មួយ​សប្តាហ៍ សម្រាប់​ពេលវេលា​ឲ្យ​ខ្លួនឯង​។ សូម​ប្រាប់​គ្រួសារ​អ្នក​ថា នេះ​ជា​អាទិភាព ដូច្នេះ​អ្នកនឹង​មិន​ខន​ខានធ្វើ​វា នៅពេលដែល​មានការ​ងា​រ​ផ្សេងទៀត​លេចឡើង​មក​ភ្លាមៗ​។​

៥. ផ្សារភ្ជាប់​ខ្លួន​អ្នក​ជាមួយ​ធម្មជាតិ​៖ ការចំណាយ​ពេល​ជាមួយ​ធម្មជាតិ អាច​កាត់បន្ថយ​ភាព​តានតឹង និង​បង្កើន​អារម្មណ៍​នៃ​ភាពរឹងមាំ ការដឹងគុណ និង​ការអាណិតអាសូរ​។ ពិភព​ធម្មជាតិ​ជួយ​រំលឹក​មនុស្ស​យើង​ថា ពួកគេ​ជា​ផ្នែក​តូចៗ​នៅលើ​ភពផែនដី​នេះ ហើយ​ផ្តល់នូវ​អារម្មណ៍​ដ៏​អស្ចារ្យ​។ ធម្មជាតិ​ដើរតួនាទី​ជា​អ្នកផ្តល់​ឲ្យ និង​ជួសជុល​នូវ​រឿងរ៉ាវ​ស្មុគស្មាញ​ជាច្រើន​នៅក្នុង​ការរស់នៅ​។ វា​គឺជា​ធនធាន​មួយ​ក្នុងចំណោម​ធនធាន​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​សុភមង្គល និង​ភាព​រីករាយ​របស់​មនុស្ស​ជាតិ​។​

​គោលការណ៍​សាកល្បង​៖

១. ធ្វើបញ្ជី​រសកម្មភាព​ណា​ដែល​អ្នក​ធ្លាប់​រីករាយ​ ប៉ុន្តែ​បាន​បោះបង់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ជ្រើស​រើសយក​មួយ​ដើម្បី​ធ្វើ​ឡើងវិញ និង​ចំណាយពេល​យ៉ាងហោចណាស់​ពីរ​សប្តាហ៍​ដើម្បី​ធ្វើ​វា​។ មើលថា​តើ​សកម្មភាព​នេះ​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​ជាង​មុន​ដែរឬទេ បើ​មែន សូម​ពិចារណា​រក​ពេលវេលា​សម្រាប់ធ្វើ​វា​ម្តងទៀត​។​
២. ចំណាយពេល​យ៉ាងហោចណាស់ ១០​នាទី​ក្នុង​មួយថ្ងៃ​នៅ​ខាងក្រៅ​។ យកចិត្តទុកដាក់​លើ​ដើមឈើ ស្មៅ ទឹក ខ្យល់ ឬអ្វី​ផ្សេងទៀត​ដែល​នៅ​ជុំវិញ​អ្នក​។​
៣. ពិចារណា​រឿងរ៉ាវ​ដែល​ធ្វើឱ្យ​អ្នក​ទាំងពីរ​សប្បាយចិត្ត និង​មិន​សប្បាយចិត្ត​នាពេល​កន្លងមក​។ សរសេរ​វា​ចេញមក ហើយ​រក្សា​វា​ទុកជា​គោលការណ៍​ដើម្បី​នាំ​អ្នក​ទៅកាន់​សុភមង្គល​។​

 

​អត្ថបទ​​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ MAYO CLINIC

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam