24. ខែ​មិថុនា 2021

វិ​ធី​សា​ស្ត្រ​៨យ៉ាង​ដើម្បី​ជួយ​មិត្ត ឬ​សមា​ជិក​គ្រួសារ​ដែល​មាន​ជម្ងឺធ្លាក់​ទឹក​ចិត្ត | Health.D Cam

ខែ​កញ្ញា 21, 20201min1150
Ways-to-Help-a-Friend-or-Family-Member-With-Depression

ជម្ងឺ​ធ្លាក់​ទឹកចិត្ត​មិន​កើតឡើង​នៅក្នុង​លំហ​អាកាស​ទេ វា​កើតឡើង​ពី​បញ្ហា​ចាកស្រេះ​ជាច្រើន​ដែល​ប៉ះពាល់​ទៅដល់​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​អ្នក​ជម្ងឺ​។ សមាជិកគ្រួសារ និង​មិត្តភក្តិ​ច្រើន​តែមាន​អារម្មណ៍​អស់សង្ឃឹម មិនដឹងថា​ត្រូវធ្វើ​អ្វី​ដើម្បី​ជួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​។​

​តើ​សមាជិកគ្រួសារ​ត្រូវ​ចាប់​ផ្តើមធ្វើ​យ៉ាងដូចម្តេច​នៅពេលដែល​ស្ថិតក្នុង​កាលៈទេសៈ​ដែល​មិនដឹងថា​ត្រូវ​ជួយ​យ៉ាងម៉េច​? មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសប្លែកគ្នា​នូវ​របៀប​ដែល​ពួកគេ​គ្រប់គ្រង ជម្ងឺ​ធ្លាក់​ទឹកចិត្ត ប៉ុន្តែ​នេះ​គឺជា​រឿង​ទូទៅ​មួយចំនួន​ដែល​អ្នក​អាច​សាកល្បង​ក្នុង​ការផ្តល់​កម្លាំងចិត្ត​ដល់​ខ្លួនឯង និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​ឆ្ពោះទៅរក​ការ​ងើប​ឡើងវិញ​ជាមួយនឹង​ក្តីសង្ឃឹម​។​

១. អប់រំ​ខ្លួន​អ្នក​អំពី​ជម្ងឺ​ធ្លាក់​ទឹកចិត្ត និង​បញ្ហា​ទាក់ទង​នឹង​អារម្មណ៍​ផ្សេងៗ​ទៀត​

​អ្នក​ប្រហែលជា​មិនអាច​ព្យាបាល​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​បានទេ​។ ប៉ុន្តែ​អ្នក​អាច​យល់ច្បាស់​ពី​ស្ថានភាព​របស់គាត់​បាន​ដោយ​អប់រំ​ខ្លួន​អ្នក​ពី​ជម្ងឺ​ធ្លាក់​ទឹកចិត្ត ឬ​ប្រភេទ​នៃ​អារម្មណ៍​ដែល​គាត់​មាន​។ ការស្វែងយល់​អំពី​ជម្ងឺ​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក នឹង​ជួយ​អ្នក​ឱ្យមាន​អារម្មណ៍​គ្រប់គ្រង​ស្ថានការណ៍ និង​ផ្តល់ឱ្យ​អ្នក​នូវ​ភាព​អត់ធ្មត់​បន្ថែមទៀត​ដើម្បី​យល់​ពី​បញ្ហា​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការយល់ច្រលំ ឬ​ខកចិត្ត​ចំពោះ​អ្នក​ជម្ងឺ​។​

២. សួរ​សំណួរ និង​ជីក​រក​មូលហេតុ​ដើម​

​វិធី​ល្អ​បំផុត​ដើម្បី​យល់​ពី​បញ្ហា គឺ​ស្រាវជ្រាវ​អំពី​វា​ដូចជា​អ្នកសារព័ត៌មាន ហើយ​សួរ​សំណួរ​ឲ្យ​បាន​
ច្រើន​។ ចំពោះ​ការធ្លាក់​ទឹកចិត្ត និង​ការ​ថប់​បារម្ភ ការ​សួរ​សំណួរ​គឺមាន​សារៈសំខាន់​ពីព្រោះ​វា​មាន​លក្ខណៈ​ទូលំទូលាយ ហើយ​បទពិសោធន៍​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុសគ្នា​។ ជាទូទៅ មិត្ត​របស់​អ្នក​នឹងមិន​ប្រាប់​ពី​ព័ត៌មាន​ដែល​អ្នកត្រូវការ​នោះទេ ព្រោះ​គេ​មានការ​ខ្មាសអៀន និង​ខ្លាច​ត្រូវបាន​គេ​វិនិច្ឆ័យ​។ ដើម្បី​ដឹង​កាន់តែច្បាស់​នូវ​អ្វីដែល​កំពុង​កើតឡើង អ្នក​ត្រូវតែ​ជីក​រក​ព័ត៌មាន​។ នេះ​ជា​សំណួរ​មួយចំនួន​ដែល​ត្រូវ​ពិចារណា​ក្នុងការ​សួរ​ពួកគេ​៖

  • ​ ​តើ​នៅពេលណា​ដែល​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍មិនល្អ​?
  • ​ ​តើ​អ្នក​អាច​គិត​ឃើញ​ពី​មូលហេតុ​ដែល​អា​ចប​ណា្ត​ា​ល​ឱ្យ​វា​កើតឡើង​បានដែរ​ឬទេ​?
  • ​ ​តើ​អ្នក​មានគំនិត​ចង់​ធ្វើអត្តឃាត​ទេ​?
  • ​ ​តើ​មាន​អ្វីដែល​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ធូរស្បើយ​ទេ​?
  • ​ ​តើ​អ្វីដែល​ធ្វើអោយ​អ្នកមាន​អារម្មណ៍មិនល្អ​?
  • ​ ​តើ​អ្នក​កំពុងស្ថិត​ក្នុង​ភាព​តានតឹង​ទេ​?

​អ្នកដឹង​ទេ​ថា បងប្អូន​ស្រី មិត្ត​ភ័ក្ត្រ បងប្រុស ឬ​ឪពុក​របស់​អ្នក​អាចជា​អ្នក​ដែល​អាចជួយ​អ្នក​បាន​ប្រសើរ​ជាង​អ្នកជំនាញ​សុខភាព​ផ្លូវចិត្ត​។ ដូច្នេះ​សូមជួយ​ពួកគេ​ដោះស្រាយ​នូវ​ភាពមិន​ច្បាស់​នៃ​រោគសញ្ញា​របស់​ពួកគេ​។ សូម​ជជែក​ជាមួយគ្នា​នូវ​អ្វីដែល​អាចជា​ឬ​សគល់​នៃ​ការធ្លាក់​ទឹកចិត្ត​របស់​ពួកគេ​ទាំង​ផ្នែក​រាងកាយ អារម្មណ៍ និង​វិញ្ញាណ​។ ដូចជា​ថា​តើ​ផ្នែក​ទាំ​អស់នេះ​ចាប់ផ្តើម​ផ្តាច់ចេញ​ពីគ្នា​នៅ​តាំងពី​ពេលណា​មក​។​

៣. ជួយ​ពួកគេ​ក្នុងការ​កំណត់ និង​ដោះស្រាយ​ជាមួយនឹង​ប្រភព​នៃ​ស្ត្រេ​ស​

​វា​មិនមែនជា​រឿង​អាថ៌កំបាំង​ទេ​ដែល​ស្ត្រេ​ស​គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការធ្លាក់​ទឹក
ចិត្ត​។ កម្រិត​ស្ត្រេ​ស​រ៉ាំរ៉ៃ​បាន​ បញ្ចេញ​អរ​ម៉ូ​ន cortisol ទៅក្នុង​ចរន្តឈាម​របស់​អ្នក និង​បណ្តាលឱ្យ​រលាក​ក្នុង​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នកនិង​ប្រព័ន្ធ​ជីវសាស្ត្រ​ផ្សេងៗ​ទៀត​។

​ស្ត្រេ​ស​ក៏​រំខាន​ដល់​យុទ្ធសាស្ត្រ​ទប់ទល់​រាងកាយ​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ ហើយ​ធ្វើឱ្យ​មនុស្ស​ងាយ​រងគ្រោះ​នឹង​ការផ្លាស់ប្តូរ​អារម្មណ៍​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ជួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​ឱ្យ​រក​ប្រភព​នៃ​ភាព​តានតឹង​នៅក្នុង​ជីវិត និង​ខួរក្បាល​របស់គាត់​ដើម្បី​រក​វិធី កាត់បន្ថយ​វា​។ ទាំងនេះ​មិនចាំបាច់​មានការ​ផ្លាស់ប្តូ​រ​ច្រើន​ទេ​។ ការដកដង្ហើម​យឺតៗ និង​មួយៗ​ក៏​អាចធ្វើឱ្យ​ស្ត្រេ​ស​ថយចុះ
​បានដែរ​។​

៤. លើកទឹកចិត្ត​ឱ្យ​ពួកគេ​ស្វែងរក​អ្នក​ដែល​អាច​គាំទ្រ​គេ​បាន​

​មិន​ថា​ជា​បញ្ហា​អ្វី​នោះទេ​ដូចជា​៖ ជំងឺ​សរសៃឈាម​បេះដូង មហារីក​ពោះវៀន និង​ជំងឺផ្លូវចិត្ត​ប្រភេទ​fibromyalgia​។ មនុស្ស​ម្នាក់​ត្រូវការ​ការគាំទ្រ​នៅក្នុង​ជីវិត​របស់គេ​ដើម្បី​ឲ្យ​ជាសះស្បើយ​ពេញលេញ គឺជា​មនុស្ស​ដែល​ពួកគេ​អាច​និយាយប្រាប់ និង​ជជែក​ពី​រឿង​ភ័យរន្ធត់​បាន​។ ក្នុងនាម​យើង​ជា​អ្នក​ដែល​ជិតស្និត​ជាមួយ​អ្នក​ជម្ងឺ អ្នក​គួរ​ប្រាប់​គេ​ថា​គេ​មិន​ឯក​ការ​ទេ ទោះបីជា​គេ​កំពុង​តែមាន​អារម្មណ៍​បែបនេះ​ក៏ដោយ​។​

៥. រលឹក​ពួកគេ​ថា​ពួកគេ​ខ្លាំង​មិនគួរ​ឱ្យ​ជឿ​

​វេជ្ជបណ្ឌិត De Paulo បាន​ពន្យល់​ពី​ការស្វែងយល់​អំពី​ជម្ងឺ​ធ្លាក់ទឹក​ចិត្ត​ថា​៖ នៅពេលដែល​អ្នក​មានកា​រ​ធ្លាក់​ទឹកចិត្ត អ្នក​មិន​ជឿថា​ខ្លួនឯង​សក្ដិសម​នឹង​ទទួលបាន​នូវ​ក្តី​ស្រលាញ់​នោះទេ​។ នោះ​ហើយ​ជា​អ្វីដែល​ធ្វើឱ្យ​ទំនាក់ទំនង និង​ជាពិសេស​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំវិញខ្លួន​មានការ​លំបាក​។ វិធី​មួយ​ក្នុងការ​ធ្វើឱ្យ​ពួកគេ​ងើបឡើង​វិញ​គឺ​តាមរយៈ​ការ​រំលឹក​ពួកគេ​ពី​ភាពខ្លាំង​របស់
គេ​។ ប្រើ​ឧទាហរណ៍​ជាក់ស្តែង​ដូចជា​៖ លើកយក​ពេលវេលា​ណាមួយ​នៅក្នុង​ជីវិត​ពួកគេ​ដែល​បង្ហាញ​ពី​គម្រូ​នៃ​ភាពក្លាហាន ភាព​អត់ធ្មត់ សេចក្តី​មេត្តាករុណា សេចក្តី​ស្មោះត្រង់ និង​ការតស៊ូ​។ ប្រើ​រូបថត​ដើម្បី​រំលឹក​គេ​ពី​សមិទ្ធិផល​នានា​របស់​ពួកគេ​ក្នុង​អតីតកាល ឬ​ជ័យជំនះ​ដែល​នឹង​ជួយ​ពង្រឹង​ទំនុកចិត្ត​របស់​ពួកគេ និង​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ឈានទៅរក​ការ​ជាសះស្បើយ​។​

៦. ធ្វើឱ្យ​ពួកគេ​សើចពីព្រោះ​សំណើច​អាចជួយ និង​អាច​ព្យាបាល​បាន​

​ការស្រាវជ្រាវ​និយាយថា ការ​សើច​គឺជា​រឿង​មួយ​ដែល​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​សុខភាព​របស់​យើង​។ ត្រឹមតែ​រយៈពេល​មួយ​ម៉ោង​យើងទាំងអស់គ្នា​បាន​ផ្លាស់ប្តូរ​ការនិយាយ​ថា​“ វា​ដូចជា​មិន​អស្ចារ្យ​អី​នោះទេ​ក្នុងការ​សើច​”​។ ប្រសិទ្ធិភាព​គឺមាន​ឥទ្ធិពល​គួរឱ្យភ្ញាក់ផ្អើល​ព្រោះ​ក្នុងពេល​សើច​ការភ័យខ្លាច និង​ភាព​ភិតភ័យ​ខ្លះ​ក៏បាន​រលាយបាត់​។​

៧. ឱ្យ​ពួកគេ​ដឹងថា​ពួកគេ​នឹង​មិនមាន​អារម្មណ៍​បែបនេះ​ទៀត​ទេ​

​ប្រសិនបើ​ខ្ញុំ​ត្រូវ​ប្រាប់​ឈ្មោះ​វត្ថុ​មួយ ឬក៏​មនុស្ស​ម្នាក់​ដែល​បាន​និយាយ​មក​ខ្ញុំ​នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ធុញថប់​ខ្លាំង​ហើយ​វា​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្បើយ​នោះ​គឺ​ឃ្លា​ថា​៖“ អ្នកនឹង​មិនមាន​អារម្មណ៍​បែបនេះ​ទៀត​ទេ​” វា​គឺជា​ពាក្យ​មួយ​ឃ្លា​ដ៏​សាមញ្ញ​មួយ​នៃ​សេចក្តី​ពិត​ដែល​ផ្ទុក​នូវ​ធាតុ​ព្យាបាល​ដ៏​មាន​ឥទ្ធិពល​បំផុត​នៃ​សេចក្តីសង្ឃឹម​។ ក្នុងនាម​ជា​មិត្តភក្តិ ឬ​សមាជិកគ្រួសារ ការចាំបាច់​បំផុត​របស់​អ្នក​គឺ​ធ្វើឱ្យ​មិត្ត​ភ័ក្ត្រ បងប្អូន​ប្រុស​ស្រី ឪពុកម្តាយ​អ្នកមាន​ក្តីសង្ឃឹម​ម្តងទៀត​។ ត្រូវ​ជឿថា​ពួកគេ​នឹងមាន​ភាពប្រសើរឡើង​។ នៅពេលដែល​បេះដូង​របស់​ពួកគេ​នៅទីណា ចិត្ត និង​រាងកាយ​របស់​ពួកគេ​នឹង​ត្រលប់មក​ក្នុងពេល​ឆាប់ៗ​។​

៨. ប្រសិនបើ​អ្នក​អាចធ្វើ​រឿង​តែមួយគត់ សូម​ធ្វើជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​

“​ខ្ញុំ​យល់ថា​វិធី​ដែលមាន​មូលដ្ឋានគ្រឹះ​និង​មាន​ឥទ្ធិពល​បំផុត​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ម្នាក់ទៀត​គឺ​ត្រូវ​ស្តាប់​”​។ គ្រាន់តែ​ស្តាប់​ប្រហែលជា​អ្វីដែល​សំខាន់បំផុត​ដែល​យើង​មិន​ធ្លាប់​ផ្តល់ឱ្យ​គឺ​ការយកចិត្តទុកដាក់រ​បស់​យើង​។ ហើយ​ជាពិសេស​ ប្រសិនបើ​វា​ត្រូវបាន​ផ្តល់ ឱ្យ​ដោយ​ ចេញពី​បេះដូង​។ មិនចាំបាច់​ធ្វើ​អ្វី​ទេ​ក្រៅពី​ទទួល​វាគ្រាន់តែ​យក​វា​ចូល​ត្រចៀក​។ ស្តាប់​នូវ​អ្វីដែល​ពួកគេ​កំពុងនិយាយ​។ យកចិត្តទុកដាក់​អំពី​វា​។ ការយកចិត្តទុកដាក់​ភាគច្រើន​វា​សំខាន់​ជាង​ការយល់​ពី​វា​ទៅទៀត​។​

 

​អត្ថបទ​បកប្រែ និង​រៀបរៀង​ដោយ​៖  Health.D Cam

ប្រភពឯកសារពិគ្រោះ៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam