22. ខែ​មិថុនា 2021

តើមហារីក​សុដន់ជា​ជំងឺកាច​សាហាវ​ឬ? | Health.D Cam

ខែ​តុលា 29, 20201min380
breast-cancer

​មហារីក​សុដន់​កើតឡើង​ដោយសារ​កោសិកា​មិនធម្មតា​ដែល​រីក​ធំធាត់ ហើយ​មិនអាច​គ្រប់គ្រង​បាន។ កោសិកា​ទាំងនោះ ក៏​អាចធ្វើ​ដំណើរ​ទៅ​កន្លែង​នានា​នៅក្នុង​ខ្លួន ជា​កន្លែង​ដែល​គេ​រក​មិនឃើញ ។ នៅពេល​វា​កើតឡើង ជំងឺមហារីក​នេះត្រូវបាន​គេ​ហៅថាមេ​តា​ស្តា​ទិ​ក (metastatic) ។​

អ្នកណា​ដែល​អាច​កើតជំងឺមហារីក​សុដន់​?
​បុរស​ក៏​អាច​កើត​ជំងឺមហារីក​សុដន់​បានដែរ ប៉ុន្តែពួកគេ​មាន​ចំនួន​តិចជាង​១​ភាគរយ​នៃ​ករណី​ជំងឺមហារីក​សុដន់​ទាំងអស់។ ចំពោះ​ស្ត្រី ជំងឺមហារីក​សុដន់គឺជា​ជំងឺមហារីក​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ច្រើនជាងគេ​ទី​២ បន្ទាប់ពី​ជំងឺមហារីក​ស្បែក និង​មូលហេតុ​ទី​២នៃ​ការស្លាប់​ដោយសារ​ជំងឺមហារីក បន្ទាប់ពី​មហារីក​សួត ។​
​ជា​មធ្យម ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​៨​នាក់នឹងមាន​កា​រវិ​វដ្ត​ជំងឺមហារីក​សុដន់​ក្នុង​មួយជីវិត​របស់​ពួកគេ។ ប្រហែលជា​២​ភាគ​៣​នៃ​ស្ត្រី​ដែលមាន​ជំងឺមហារីក​សុដន់មាន​អាយុ​លើសពី​៥៥​ឆ្នាំ ។ ក្រៅពីនោះ គឺ​ស្ត្រី​អាយុ​ចន្លោះ​ពី​៣៥ ទៅ ៥៤​ឆ្នាំ ដែល​ត្រូវបាន​រកឃើញថាមាន​ជំងឺ​នេះ​ផងដែរ ។​

​ជា​សំណាងល្អ ជំងឺមហារីក​សុដន់​អាច​ព្យាបាល​បានប្រសិនបើ​អ្នករក​ឃើញ​វា​ឆាប់ និង​ប្រញាប់​ស្វែងរក​ការព្យាបាល។ មហារីក​ដែល​ត្រូវបានធ្វើ​មូល​ដ្ឋា​នីយកម្ម (​មានន័យថា​វា​មិន​រាលដាល​នៅ​ខាងក្រៅ​សុដន់​ទេ​) ជាធម្មតា អាច​ព្យាបាល​បាន​មុនពេល​វា​រីក​រាលដាល។​
​នៅពេលដែល​ជំងឺមហារីក​ចាប់ផ្តើម​រីក​រាលដាល ការព្យាបាល​កាន់តែ​ស្មុគស្មាញ។ ជារឿយៗ​វា​អាច​នឹង​ត្រូវការការព្យាបាល​ច្រើន​ឆ្នាំ។​

​មូលហេតុ​នៃ​ជំងឺមហារីក​សុដន់ និង​កត្តា​ហានិភ័យ​
​អ្នកជំនាញ​មិនអាច​កំណត់​ច្បាស់លាស់​ទេ​ថា អ្វីដែល​បណ្តាលឱ្យ​កើតមាន​ជំងឺមហារីក​សុដន់​ទេ ប៉ុន្តែ​មាន​កត្តា​ខ្លះ​ដែល​ធ្វើឱ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ​នេះដូចជា៖ កត្តា​អាយុ ហ្សែ​ន ប្រវត្តិ​សុខភាព​ផ្ទាល់ខ្លួន និង​របប​អាហារ​ដែល​សុទ្ធតែជា​មូលហេតុ​នៃ​ការបង្ក​ឱ្យ​កើត​ជំងឺ​នេះ។

រោគសញ្ញា​នៃ​ជំងឺមហារីក​សុដន់​
​រោគសញ្ញា​នៃ​មហារីក​សុដន់​រួមមាន៖
•​ ​ដុំ​ពក ឬ​ក្រាស់​នៅ​ជិត​សុដន់​ ឬ​នៅក្រោម​សុដន់ដែល​កើតមាន​ក្នុងអំឡុងពេល​មក​រដូវ​
•​ ​មាន​ដុំ​ ទោះបី​ជាមាន​អារម្មណ៍​ថា​តូច​ក៏ដោយ​
•​ ​ការផ្លាស់ប្តូរ​ទំហំ ​រូបរាង ឬ​ទម្រង់​នៃ​សុដន់​
•​ ​មានទឹក​ហូរ​ចេញពី​ក្បាលសុដន់ ដែល​អាចជា​ឈាម ឬ​ពណ៌​ថ្លាៗ​
•​ ​ការផ្លាស់ប្តូរ​ស្បែក​សុដន់ ឬ​ក្បាលសុដន់។ វា​អាចមាន​ព័ណ៌​ស្រអាប់ ឬ​មាន​រលាក
•​ ​ស្បែក​ក្រហម​នៅលើ​សុដន់ ឬ​ក្បាល​សុដន់​
•​ ​ការផ្លាស់ប្តូរ​រូបរាង ឬ​ទីតាំង​របស់​ក្បាលសុដន់
•​ ​តំបន់​ខ្លះ​នៃ​រាងកាយ​មាន​ភាពខុសប្លែក រួមទាំង​ទីតាំង​សុដន់​
•​ ​មាន​ចំណុច​រឹង​ដែលមាន​ទំហំ​ដូច​ថ្មកែវ ស្ថិតនៅក្រោម​ស្បែក​

​ការព្យាបាល​ជំងឺមហារីក​សុដន់​
​ប្រសិនបើ​ការធ្វើ​តេស្ត​រកឃើញថា​មាន​ជំងឺមហារីក​សុដន់ គ្រូពេទ្យ​នឹង​រៀបចំ​ផែនការ​​ដើម្បី​ព្យាបាល កាត់បន្ថយ​ការវិលត្រឡប់​មកវិញ​នៃ​ជំងឺ និង​កាត់បន្ថយ​ឱកាស​ដែល​អាច​រីក​រាលដាល​ទៅខាង​ក្រៅ​សុដន់។ ជាទូទៅ ការព្យាបាល​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​ពីរ ឬ​បីសប្តាហ៍ បន្ទាប់ពី​ការធ្វើ​រោគវិនិច្ឆ័យ។​
​ការព្យាបាល​នឹង​អាស្រ័យ​លើ​ទំហំ និង​ទីតាំង​នៃ​ដុំ​សាច់ ដែលជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍ទៅលើ​កោសិកា​មហារីក និង​ដំណាក់កាល​នៃ​ជំងឺ ។ ជាធម្មតា គ្រូពេទ្យ​នឹង​ពិចារណា​លើ​អាយុ និង​សុខភាព​ទូទៅ ក៏ដូចជា​អារម្មណ៍​របស់​អ្នកជំងឺ អំពី​ជម្រើស​នៃ​ការព្យាបាល ។​

​សូម​ធ្វើការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ប្រសិនបើ​អ្នករក​ឃើញ​រោគសញ្ញា​នៃ​មហារីក​សុដន់​ដូចដែល​បាន​រៀបរាប់​ខាងលើ ៕

 

អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
ប្រភព​ឯកសារពិគ្រោះ​៖ WEB MED

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam