24. ខែ​មិថុនា 2021

មកដឹងអំពីមូលហេតុពិតប្រាកដដែលនាំឲ្យគ្មានកូន | Health.D Cam

ខែ​វិច្ឆិកា 16, 20201min900
infertility-failpregnancy

និយមន័យនៃភាពគ្មានកូន

ការធ្វើរោគវិនិច្ឆ័យនៃភាពគ្មានកូនមានន័យថា អ្នកមិនមានផ្ទៃពោះ បន្ទាប់ពីការព្យាយាមរយៈពេលមួយឆ្នាំ។ ប្រសិនបើអ្នកជាស្ត្រីដែលមានអាយុលើសពី៣៥ឆ្នាំ មានន័យថាអ្នកមិនអាចមានផ្ទៃពោះបានទេ បន្ទាប់ពីបានសាកល្បងអស់រយៈពេល៦ខែ។ ស្ត្រីដែលអាចមានគភ៌ ប៉ុន្តែមិនអាចរក្សាផ្ទៃពោះបានមួយខែ ក៏អាចត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានគ្មានលទ្ធភាពក្នុងការមានកូនដែរ។

ភាពគ្មានកូនមិនមែនគ្រាន់តែជាបញ្ហារបស់ស្ត្រីនោះទេ។ បុរសក៏អាចគ្មានលទ្ធភាពមានកូនផងដែរ។ តាមពិត បុរស និងស្ត្រីសុទ្ធតែអាចប្រឈមនឹងការគ្មានកូន។យោងតាមការិយាល័យសុខភាពស្ត្រី ប្រហែល ១ភាគ៣ នៃករណីភាពគ្មានកូន អាចត្រូវបានកំណត់ថាជាភាពគ្មានកូនរបស់ស្ត្រី ខណៈពេលដែលបញ្ហាបុរសមានចំនួន ១ ភាគ ៣ នៃករណីគ្មានកូន។ ករណីទី១ ភាគ ៣ ទៀត គឺអាចបណ្តាលមកពីការបញ្ហាទាំងបុរស និងស្ត្រី ឬមិនដឹងមូលហេតុពិតប្រាកដ។

មូលហេតុនៃភាពគ្មានកូនរបស់បុរស៖

  • ប្រសិទ្ធភាពនៃការផលិតមេជីវិតឈ្មោល
  • ចំនួនមេជីវិតឈ្មោល
  • រូបរាងរបស់មេជីវិតឈ្មោល
  • ចលនារបស់មេជីវិតឈ្មោលដែលរួមបញ្ចូលទាំងចលនាវិលវល់របស់មេជីវិតឈ្មោលដោយខ្លួនឯង និងការបញ្ជូនមេជីវិតឈ្មោលតាមរយៈបំពង់បង្ហូរមេជីវិតឈ្មោល។ ក្រៅពីនេះ ក៏មានកត្តាហានិភ័យផ្សេងៗទៀតដូចជា៖ ស្ថានភាពសុខភាព និងការប្រើប្រាស់ថ្នាំដែលអាចប៉ះពាល់ដល់ការមានកូនផងដែរ។

កត្តាហានិភ័យដែលរួមចំណែកក្នុងការគ្មានកូន

កត្តាហានិភ័យដែលទាក់ទងនឹងភាពគ្មានកូនចំពោះបុរសរួមមានចំនុចមួយចំនួដូចជា៖

  • វ័យចំណាស់
  • ជក់បារី
  • ការប្រើប្រាស់គ្រឿងស្រវឹងច្រើ
  • លើសទម្ងន់ឬធាត់
  • ការប៉ះពាល់នឹងជាតិពុលដូចជា ថ្នាំសំលាប់សត្វល្អិត ថ្នាំបាញ់ស្មៅ និងលោហធាតុ

មូលហេតុនៃភាពគ្មានកូនរបស់ស្ត្រី

ភាពគ្មានកូនរបស់ស្ត្រី អាចបណ្តាលមកពីកត្តាជាច្រើនដែលប៉ះពាល់ ឬរំខានដល់ដំណើរការជីវសាស្ត្រដូចខាងក្រោម៖

  • ការបញ្ចេញពងអូវុលនៅពេលដែលស៊ុតពេញវ័យត្រូវបានបញ្ចេញចេញពីអូវែ
  • ការបង្កកំណើតដែលកើតឡើងនៅពេលមេជីវិតឈ្មោលជួបជាមួយអូវុលនៅក្នុងដៃស្បូនបន្ទាប់ពីធ្វើដំណើរឆ្លងកាត់មាត់ស្បូន និងតួស្បូន
  • ការផ្សាំក្នុងស្បូនដែលកើតឡើងនៅពេលស៊ុតបង្កកំណើតមួយភ្ជាប់ទៅនឹងស្រទាប់ស្បូនដែលវាអាចធំធាត់ និងលូតលាស់ទៅជាទារក

កត្តាហានិភ័យដែលរួមចំណែកក្នុងការគ្មានកូន

កត្តាហានិភ័យនៃភាពគ្មានកូនរបស់ស្ត្រីរួមមាន៖

  • អាយុកាន់តែចាស់
  • ជក់បារី
  • ការប្រើប្រាស់គ្រឿងស្រវឹងច្រើន
  • លើសទម្ងន់ ឬធាត់
  • មានជំងឺកាមដែលអាចបំផ្លាញប្រព័ន្ធបន្តពូជ   

ការធ្វើតេស្តភាពគ្មានកូន

ប្រសិនបើអ្នកកំពុងព្យាយាមមានផ្ទៃពោះ និងមិនអាចធ្វើបាន អ្នកទំនងជាឆ្ងល់ថាពេលណាអ្នកគួរមានគម្រោងទៅជួបគ្រូពេទ្យ។ សូមស្វែងយល់ចំនុចខាងក្រោម ដើម្បីរកមើលតេស្តមួយណាដែលអ្នកនឹងធ្វើដើម្បីវាយតម្លៃពីការមានកូនរបស់អ្នកជាមួយនឹងដៃគូ។ 

ចំពោះបុរស

បុរសគួរតែមានគម្រោងទៅជួបគ្រូពេទ្យបន្ទាប់ពីមួយឆ្នាំនៃការព្យាយាមមានផ្ទៃពោះ ឬប្រសិនបើអ្នកមានបញ្ហាដូចខាងក្រោម៖

  • បាត់បង់មុខងារលិង្គ (ងាប់លិង្គ)
  • មានបញ្ហាជាមួយនឹងការបញ្ចេញទឹកកាមដូចជាការឆាប់ចេញទឹកកាម ឬការបញ្ចេញទឹកកាមថយចុះ
  • ចំណង់ផ្លូវភេទខ្សោយ
  • ឈឺចាប់ ឬហើមក្នុងតំបន់ប្រដាប់បន្តពូជ
  • បានទទួលការវះកាត់មុននៅក្នុងតំបន់ប្រដាប់បន្តពូជ

ពេលស្វែងរកសេវាប្រឹក្សា គ្រូពេទ្យនឹងសួួរនាំពីប្រវត្តិរបស់អ្នកជាមុនសិន។ ពួកគេនឹងសួរអំពីសុខភាពទូទៅរបស់អ្នក ប្រវត្តិផ្លូវភេទ និងកត្តាដែលអាចប៉ះពាល់ដល់ការមានកូនរបស់អ្នក។ ពួកគេក៏ត្រូវធ្វើការពិនិត្យរាងកាយដូចជាប្រដាប់បន្តពូជរបស់អ្នកចំពោះភាពមិនប្រក្រតីនៃមុខងារ ឬដុំសាច់ជាដើម។

ការវិភាគទឹកកាមប្រហែលនឹងត្រូវបានអនុវត្ត។ គ្រូពេទ្យនឹងស្នើសុំឱ្យអ្នកផ្តល់សំណាកទឹកកាមរបស់អ្នក។ បន្ទាប់មក សំណាកនេះនឹងត្រូវបានគេពិនិត្យនៅក្នុងមន្ទីរពិសោធន៍ដើម្បីដឹងថាតើមានមេជីវិតឈ្មោលប៉ុន្មាន ហើយថាតើមេជីវិតឈ្មោលមានរូបរាងធម្មតា និងធ្វើចលនាត្រឹមត្រូវដែរឬទេ។

អាស្រ័យលើលទ្ធផលនៃការវិភាគដំបូងនៃការវិភាគទឹកកាម គ្រូពេទ្យអាចនឹងធ្វើតេស្តបញ្ជាក់បន្ថែមដូចជា៖

  • ការធ្វើតេស្តអរម៉ូន
  • ការធ្វើតេស្ត (Ultrasound)ប្រដាប់បន្តពូជ
  • ការធ្វើតេស្តហ្សែន

 ចំពោះស្ត្រី

ការមានកូនរបស់ស្ត្រីចាប់ផ្តើមថយចុះបន្ទាប់ពីអាយុ ៣០ឆ្នាំ។ ស្ត្រីអាយុក្រោម ៣៥ឆ្នាំគួរតែទៅជួបគ្រូពេទ្យបន្ទាប់ពីមួយឆ្នាំនៃការព្យាយាមមានផ្ទៃពោះ ខណៈពេលដែលស្ត្រីអាយុ ៣៥ឆ្នាំឡើងទៅគួរតែទៅជួបគ្រូពេទ្យបន្ទាប់ពីបានព្យាយាមអស់រយៈពេល ៦ខែ។

គ្រូពេទ្យនឹងពិនិត្យលើប្រវត្តិវជ្ជសាស្រ្តរបស់អ្នកជាមុនសិន។ ពួកគេនឹងសួរអំពីស្ថានភាពសុខភាព ប្រវត្តិផ្លូវភេទរបស់អ្នក និងស្ថានភាព ឬជំងឺដែលអាចបង្ករឱ្យគ្មានកូន។ បន្ទាប់មកពួកគេនឹងធ្វើការពិនិត្យលើតំបន់អាងត្រគាករបស់អ្នកដើម្បីពិនិត្យរកភាពមិនប្រក្រតីដូចជាជំងឺសរសៃប្រសាទ ឬលក្ខខណ្ឌដូចជាជំងឺ endometriosisឬ PID។

គ្រូពេទ្យនឹងចង់ដឹងថាតើអ្នកកំពុងបញ្ចេញពងអូវុលរាល់ខែ ដែរឬទេ។ នេះអាចត្រូវបានកំណត់ដោយឧបករណ៍ធ្វើតេស្តការបញ្ចេញពងអូវុលនៅផ្ទះ ឬតាមរយៈការធ្វើតេស្តឈាមនៅមន្ទីរពេទ្យ។ អ៊ុលត្រាសោន (Ultrasound)ក៏អាចត្រូវបានប្រើដើម្បីពិនិត្យអូវែ និងស្បូនផងដែរ។

ការធ្វើតេស្តទូទៅផ្សេងទៀតសម្រាប់ស្ត្រីរួមមាន៖

  • hysterosalpingography ដែលជាប្រភេទកាំរស្មី X ត្រូវបានប្រើដើម្បីវាយតម្លៃបំពង់ស្បូន និងស្បូន
  • laparoscopy ដែលប្រើម៉ាស៊ីនថតដើម្បីពិនិត្យសរីរាង្គខាងក្នុង
  • ការធ្វើតេស្តអូវុលបម្រុងដែលប្រើការរួមបញ្ចូលគ្នានៃតេស្តអរម៉ូនដើម្បីកំណត់សក្តានុពលរបស់ស្ត្រីក្នុងការមានគភ៌។

 

អត្ថបទប្រែសម្រួល និងរៀបរៀងដោយ៖ Health.D Cam

ប្រភពឯកសារពិគ្រោះ៖ HEALTH LINE

 

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam