24. ខែ​មិថុនា 2021

ប​ញ្ហា​ទូទៅ​ទាំង​៨​ ដែល​គ្រួសារ​នីមួយៗ​តែង​ជួប​ប្រ​ទះ​ និង​វិធី​ដោះ​ស្រាយ | Health.D Cam

ខែ​តុលា 1, 20201min880
8-common-problems-that-each-family-often-encounters-and-how-to-solve-them

គ្រួសារ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត និង​ការរស់នៅ​របស់​មនុស្ស​គ្រប់រូប​។ យ៉ាងណា​មុិ​ញ ការកសាង​គ្រួសារ​ដ៏​ល្អ​មួយ និង​ការធ្វើ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​គឺ​ពិតជា​ទាមទារ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង ការយកចិត្តទុកដាក់ និង​ការ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​។ ដោយឡែក គ្រួសារ​នីមួយៗ​ពិតជា​មិនអាច​ជៀសផុត​ពី​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមានឡើង​នោះឡើយ​។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ឲ្យ​មាន​ប្រសិទ្ធិភាព យើង​គួរស្វែងយល់​ពី​បញ្ហា​ទូទៅ​មួយចំនួន​ដែល​អាច​កើតឡើង​ក្នុង​ក្រុមគ្រួសារ​ដូចខាងក្រោម​៖

១. ស្ថានភាព​គម្លាត​

​គម្លាត មិន​ថា​ដោយសារ​ការងារ ឬ​ហេតុផល​ផ្សេងៗ​នោះទេ វា​អាចជា​បញ្ហា​ប៉ះពាល់​ដល់​ទំនាក់ទំនង​ដ៏​ល្អ​។ ប្រសិនបើ​អ្នកមាន​កូន វា​អាចជា​ការពិបាក​ក្នុងការ​ឃ្លាតឆ្ងាយ​ពី​ពួកគេ​ក្នុង​រយៈពេល​យូរ ជាពិសេស​ប្រសិនបើ​អ្នក​ត្រូវ​ធ្វើដំណើរ​ញឹកញាប់​។​

​ប្រសិនបើ​អ្នក​មិនអាច​ផ្លាស់ប្តូរ​ទំហំ​នៃ​ការ​នៅ​ឆ្ងាយ ឬ​ពេលវេលា​របស់​អ្នក​ទេនោះ មានរឿង​ជាច្រើន​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​កាត់បន្ថយ​គម្លាតរវាង​អ្នក និង​គ្រួសារ​។ អ្នក​អាច​ចំណាយពេល​នៅពេល​យប់​ដើម្បី​លេង​ហ្គេម​អន​ឡាញ​ជាមួយគ្នា ឬ​មើល​កុន​ជាមួយគ្នា​ជាដើម​។ នៅក្នុង​យុគសម័យ​ឌីជីថល​នេះ មាន​ដំណោះស្រាយ​ជាច្រើន​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​ដោះស្រាយ​គំលាត និង​រយៈ​ចម្ងាយ​បណ្តោះអាសន្ន​ជាមួយ​គ្រួសារ​។​

២. កាលវិភាគ​ការងារ​ច្រើន

​ក្នុងនាម​ជា​ឪពុកម្តាយ​ វា​​ហាក់ដូចជា​អ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់សោះ។ កាលវិភាគ​របស់​អ្នក​អាចមាន​ភាពច្របូកច្របល់​នឹង​រឿង​ការងារអ្នក និង​ការងារ​របស់​កូន​អ្នក​ដោយ​ទុកពេល​តិចតួច​សម្រាប់​រឿង​ដែល​អ្នក​ចង់​ធ្វើ​។ ដំណោះស្រាយ​ដ៏សាមញ្ញ​បំផុត គឺ​ការប្រើប្រាស់​ប្រតិទិន និង​ប្រព័ន្ធ​កាលវិភាគ​ប្រចាំថ្ងៃ​ដែលមាន​ប្រសិទ្ធភាព​។ វិធី​នេះ អ្នក​អាច​ផ្តល់​អាទិភាព​ដល់ពេល​វេលា​សម្រាប់គ្រួសារ​របស់​អ្នក​ដើម្បី​ផ្តោតលើ​រឿង​ណា​ដែល​សំខាន់​។

៣. ការឈ្លោះប្រកែក និង​ការខ្វែងគំនិត​គ្នា​

​ការមិនចុះសម្រុង​គ្នា​គឺជា​រឿង​ធម្មតា​ទេ​។ យ៉ាងណាម៉ិញ​ យើងទាំងអស់គ្នា​តែងមាន​យោបល់​ផ្ទាល់ខ្លួន​។ ទោះជា​យ៉ាងណាក៏ដោយ នៅពេល​ការប្រាស្រ័យ​ទាក់ទង​មានការ​ជជែក​វែកញែក​ច្រើន ការស្វែងរក​ដំណោះស្រាយ​ត្រូវតែមាន​ដើម្បី​បង្ការ​ភាពល្អក់​កករ​នៅក្នុង​ទំនាក់ទំនង​។​

​ប្រសិនបើ​ការជជែក​វែកញែក​បាន​ប្រែ​ទៅជា​ការទាស់ទែង​ខ្លាំង ហើយ​ភាគី​នីមួយៗ​កំពុង​ងាក​ទៅរក​ការប្រមាថ អ្នក​គួរ​ស្នើរ​ឲ្យ​ពួកគេ​សម្រាក ហើយ​ត្រលប់មក​និយាយ​គ្នា​វិញ​នៅពេល​ក្រោយ​។ ការឈ្លោះប្រកែក​គ្នា​មិនមែនជា​រឿង​អាក្រក់​ពេក​នោះទេ វា​ជារឿងធម្មតា​របស់​មនុស្សជាតិ​។ ការឈ្លោះប្រកែកគ្នា​អាច​គ្រប់គ្រង​បាន ​ប្រសិនបើ​អ្នកពាក់ព័ន្ធ​ទាំងអស់​ព្យាយាម​​គោរព​គ្នា និងរកដំណោះស្រាយដើម្បី​ឈានដល់​ការឯកភាព​គ្នា​។​

៤. ការខ្វែងគំនិត​គ្នា​លើ​ការចិញ្ចឹម​កូន

​ប្រសិនបើ​អ្នក​ក្លាយជា​ឪពុកម្តាយ​គេ​លើសពី​មួយថ្ងៃ អ្នក​ប្រហែលជាធ្លាប់មានការ​មិន​យល់ស្រប​ជាមួយ​ដៃគូ​របស់​អ្នក​លើ​រឿង​អ្វីមួយ​។ ការមិនចុះសម្រុង និង​របៀប​ធ្វើខ្លួនជា​ឪពុកម្ដាយតាមការយល់ឃើញរៀងខ្លួន គឺអាច​កើតមានឡើង​ដោយ​ចៀស​មិន​ផុត​ចំពោះ​គ្រួសារ​នីមួយៗ​។ ប៉ុន្តែ​បញ្ហា​នេះ​អាចមាន​វិធីសាស្ត្រ​ដោះស្រាយ​ដោយទន់ភ្លន់ និង​សម​ហេតុផល​។​

​ដើម្បី​ដោះស្រាយ​វិវាទ​លើ​បញ្ហា​ឪពុកម្តាយ ជាពិសេស​យល់ច្បាស់​ថា​ក្រៅពី​រឿងរ៉ាវ​មិន​ចុះសម្រុង​គ្នា វា​ចាំបាច់​ណាស់​ដែល​អ្នក និង​ដៃគូ​រៀន​សម្របសម្រួល​គ្នា​។ កូន​របស់​អ្នក​គួរតែ​ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​ផ្អែកលើគំនិត និង​មតិយោបល់​របស់​អ្នក​ទាំងពីរទៅលើ​អ្វី​ដែលជា​សកម្មភាព​ត្រឹមត្រូវ ​មិនមែន​ដោយ​អ្វីដែល​អ្នក​គិតតែ​ម្ខាង​នោះទេ​។​

៥. តុល្យភាព​ការងារ និង​ជីវិត

​បន្ទាប់ពី​ការកើនឡើង​ម៉ោង​ធ្វើការ​ហើយ​ភាគច្រើន​ប្រាក់​ឈ្នួល​​នៅ​ទ្រឹង ការងារ​អាច​ត្រូវបាន​គេ​ចាត់ទុកជា​អាទិភាព​នៅក្នុង​ជីវិត​របស់​ឪពុកម្តាយ​ជាច្រើន​។ ការតស៊ូ​ដើម្បី​ផ្តល់នូវ​ការបញ្ចូល​គ្នា​ជាមួយនឹង​តម្រូវការ​កាន់តែច្រើន​នៃ​ជីវិត​ទាំង​ការងារ និង​គ្រួសារ បានធ្វើ​ឲ្យ​មាន​អតុល្យភាព​រវាង​ការងារ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​

​ដំណោះស្រាយ​មួយចំនួន​គឺ​ត្រូវ​ចេញពី​កន្លែងធ្វើការយ៉ាងទៀងទាត់ ហើយ​ចំណាយ​ពេលវេលា​នៅផ្ទះ​ជាមួយ​គ្រួសារ និង​កំណត់​ពេលវេលា​សម្រាប់​រឿង​សំខាន់​។ ផ្ទេរ​ភារកិច្ច​ទៅ​អ្នកដទៃ​ដើម្បី​សន្សំ​ពេលវេលា និង​កុំ​ភ្លេច​អំពី ‘​ពេលវេលា​របស់​អ្នក​’ ។ ជាមួយនឹង​ការរៀបចំ​កាលវិភាគ​ការងារ​ដែលមាន​តុល្យភាព នោះ​អ្នកនឹង​អាចមាន​ពេលវេលា​ដើម្បី​ផ្តោតអារម្មណ៍​លើ​គ្រួសារ​របស់​អ្នក​បាន​ប្រសើរ​ជាង​មុន​។​

៦. បញ្ហា​លុយកាក់​

​កត្តា​ស្ត្រេ​ស​សំខាន់​មួយ​នៅក្នុង​ជីវិត​គ្រួសារ ភាគច្រើន​គឺ​បញ្ហា​ហិរញ្ញវត្ថុ ដែល​អាច​បន្ថែម​សម្ពាធ និង​ភាព​តានតឹង​ដល់​ឪពុកម្តាយ​។ បញ្ហា​លុយកាក់​នេះ​អាច​ត្រូវបាន​ដោះស្រាយ​តាមរយៈ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​មួយចំនួន​ដូចជា​៖ ទី​១៖ ការរៀបចំ​ថវិកា​ត្រឹមត្រូវ និង​ការគ្រប់គ្រង​ប្រាក់ ហើយ​ទី​២៖ ការផ្លាស់ប្តូរ​របៀប​ដែល​យើង​ចាត់ចែងលុយកាក់ និង​របស់​​ប្រើប្រាស់​ដែល​យើង​មាន​។

៧. ភាពមិនស្មោះត្រង់​

​ជា​អកុសល ភាពមិនស្មោះត្រង់​គឺជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ចម្បង​នៃ​ការ​លែងលះគ្នា និង​ជា​បញ្ហា​ប្រឈម​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​។ មាន​សំណួរ​ជាច្រើន​សួរថា៖ តើ​អាពាហ៍ពិពាហ៍​អាច​ត្រូវបានធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ទេ បន្ទាប់ពី​ការ​លួចលាក់​ ឬការក្បត់ចិត្ត ឬក៏​ប្រសិនបើ​ទំនាក់ទំនង​នោះ​មិន​រឹងមាំ​ក្នុង​ការបន្ត​ទៅមុខទៀត​។​

​ជាទូទៅ យើង​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​ជៀសវាង​ដាក់​វា​ជា​រឿង​សំខាន់​លើសពី​ទម្លាប់​នៃ​ទំនាក់ទំនង​ល្អ ដែលនាំឱ្យ​មាន​ភាពមិន​ស្មោះត្រង់​។ ប៉ុន្តែ​ប្រសិនបើ​វា​យឺត​ពេល​សម្រាប់​រឿង​នេះ វា​ពិតជា​លំបាក​ណាស់​ក្នុង​ការណែនាំ​សកម្មភាព​នេះ​សម្រាប់​មនុស្ស​គ្រប់គ្នា ព្រោះ​ស្ថានភាព​របស់​ដៃគូ​នីមួយៗ​មាន​លក្ខ​ណះ​ខុសគ្នា​បន្តិចបន្តួច​។ ប៉ុន្តែ ប្រសិនបើ​អ្នក​ចង់​ជៀសវាង​ការ​ប្រ​ព្រឹ​ត្ដ​អ្វីមួយ​ដោយ​តក់ក្រហល់  សូមកុំ​ប្រញាប់ប្រញាល់​ប្រឈមមុខ​ដាក់គ្នា​ដោយ​អំពើហិង្សា​លើ​បញ្ហា​អ្វីមួយ​។​

៨. កុមារ​ពិបាក​

​ប្រហែលជា​រឿង​ទូទៅ​ហើយ​ដែល​កុមារ​ពិបាក អាចធ្វើឱ្យ​ឪពុកម្តាយ​ធុញថប់ និង​ខ្វាយខ្វល់​ច្រើន​។ បញ្ហា​ផ្លូវចិត្ត និង​បញ្ហា​របស់​កុមារ​តូច​ដែល​ទើប​ចេះ​ដើរ​តេះតះ​រហូតដល់វ័យ​ជំទង់អាចជា​ពេលវេលា​ដែល​គួរឱ្យ​ធុញទ្រាន់​។ គ្រាន់តែ​ដឹងថា​អ្នក​មិនអាច​គ្រប់គ្រង​សកម្មភាព​របស់​កូន​អ្នក​បានទេ ប៉ុន្តែ​អ្នក​អាច​គ្រប់គ្រង​វិធី​ដែល​អ្នក​ចិញ្ចឹម​ពួកគេ​ដើម្បី​ដោះស្រាយ​ជាមួយ​ការសម្រេចចិត្ត និង​សកម្មភាព​របស់​ពួកគេ​។​

​អ្នក​អាច​ធ្វើជា​គំរូ​វិជ្ជមាន​នៃ​របៀប​ដែល​អ្នក​ជ្រើសរើស​ការឆ្លើយតប​ទៅនឹង​បញ្ហា​។ សម្រាប់​កូន ពេលខ្លះ​ពួកគេ​ចង់​ឲ្យ​អ្នក​ស្តាប់​ច្រើនជាង​។ ដូច្នេះ​កុំ​ប្រើ​សិទ្ធិអំណាច​របស់​ឪពុកម្តាយ​ច្រើនពេក ហើយ​ស្តាប់​អ្វីដែល​កូនៗ​អ្នក​ចង់​និយាយ​។ ពេលខ្លះ​វា​ពិបាក​ណាស់ ជាពិសេស​នៅពេល​អ្នក​ដឹងថា​ពួកគេធ្វើ​ខុស ប៉ុន្តែ​វា​មិន​ត្រឹម​តែមាន​អត្ថប្រយោជន៍​សម្រាប់​ពួកគេ​ក្នុងការ​និយាយ​ពី​រឿង​ដែល​គេ​ធ្វើ​ខុស​ប៉ុណ្ណោះ​ទេ ពួកគេថែមទាំង​​អាច​ផ្តល់ឱ្យ​អ្នក​នូវ​ការយល់ដឹង​អំពី​ទស្សនៈ​របស់​ពួកគេ​ផងដែរ​។ សម្រាប់​កុមារ​តូចៗ​ដែលមាន​ការលំបាក​តា​មរយៈ​ភាព​រំជើបរំជួល​អារម្មណ៍ និង​ការ​រឹង​ទទឹងរបស់​ពួកគេ ការអត់ធ្មត់ និង​ភាពរឹងមាំ​គឺ​ចាំបាច់​សម្រាប់​ឪពុកម្តាយ ដើម្បី​បង្រៀន​ពួកគេ​ពី​របៀប​ប្រ​ព្រឹ​ត្ដ​នូវ​ឥរិយាបថ​ដែល​ត្រឹមត្រូវ​។​

 

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam

​ប្រភព​ឯកសារពិគ្រោះ​៖ Better Help

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam