24. ខែ​មិថុនា 2021

ធ្វើយ៉ាងណា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​? | Health.D Cam

ខែ​វិច្ឆិកា 18, 20201min580
sameple-image-healthdcam

​មានការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​អំពី​ជំងឺមហារីក និង​មូលហេតុ​របស់​វា​។ ជារឿយៗ​ជំងឺ​នេះ​ត្រូវបាន​គេ​រកឃើញថា​មាន​ពាក់ព័ន្ធ​នឹង​របៀប​រស់នៅ​របស់​ម​នុស្ស​។ អ្នក​ប្រហែលជា​ចង់ដឹងថា​តើ​គួរ​ធ្វើ​ដូ​ម្តេច​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ជំងឺមហារីក​នេះ​។ សូម​ស្វែងយល់​ពី​គន្លឹះ​មួយចំនួន​ដែល​ណែនាំ​ដោយ​អ្នកជំនាញ​ផ្នែក​សុខាភិបាល​ដូចខាងក្រោម​៖

១. កុំ​ជក់បារី ឬ​ថ្នាំជក់​
​ការប្រើប្រាស់​បារី ឬ​ថ្នាំជក់​ធ្វើឱ្យ​អ្នក​ឈានទៅរក​ការកើត​ជំងឺមហារីក​។ ការជក់បារី​ត្រូវបាន​ចាត់ទុកជា​មូលហេតុ​នៃ​ជំងឺមហារីក​ជាច្រើន​ប្រភេទ​រួមមាន​៖ ជំងឺមហារីក​សួត មាត់ បំពង់ក​លំពែង ប្លោកនោម មាត់ស្បូន និង​តម្រងនោម​។ ការចៀសវាង​បារី ឬ​សម្រេចចិត្ត​ឈប់​ជក់បារី គឺជា​វិធី​សំខាន់​មួយ​ដើម្បី​ការពារ​ជំងឺមហារីក​។ ប្រសិនបើ​អ្នកត្រូវការ​ជំនួយ​ក្នុង​ការឈប់​ជក់បារី សូម​សួរ​គ្រូពេទ្យ​អំពី​ផលិតផល​បញ្ឈប់​ការជក់បារី និង​យុទ្ធសាស្ត្រ​ផ្សេងទៀត​សម្រាប់​ការឈប់​ជក់បារី​។​

២. បរិភោគ​អាហារ​ដែលមាន​សុខភាព​ល្អ​
​ទោះបីជា​ការជ្រើសរើស​អា​ហារ​ដែលមាន​សុខភាព​ល្អ មិនអាច​ធានា​ក្នុងការ​ការពារ​ជំងឺមហារីក​បាន​ក៏ដោយ ក៏​វា​អាចជួយ​កាត់បន្ថយ​ហានិភ័យ​របស់​អ្នក​ដែរ​។ សូម​ព្យាយាម​ញាំ​បន្លែ ផ្លែឈើ​ឲ្យ​បាន​ច្រើន ចៀសវាង​ការ​ធាត់​ជ្រុល ឬ​លើស​ទម្ងន់ ញាំ​សាច់ និង​ជាតិ​អាល់កុល​ត្រឹម​កម្រិត​ល្មម​។​

៣. រក្សា​ទម្ងន់​ឱ្យបាន​ល្អ និង​មាន​សកម្មភាព​រាងកាយ​
​ការរក្សា​ទម្ងន់​បានល្អ អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ផ្សេងៗ​គ្នា​រួមមាន​៖ មហារីក​សុដន់​ក្រពេញ​ប្រូ​ស្តា​ត សួត ពោះវៀនធំ និង​តម្រងនោម​។ សកម្មភាព​រាងកាយ​ក៏​រួមចំណែក​ផងដែរ​។ ក្រៅពី​ជួយ​អ្នកគ្រប់គ្រង​ទម្ងន់​របស់​អ្នក សកម្មភាព​រាងកាយ ក៏​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ និង​មហារីក​ពោះវៀនធំ​។​

៤. ការពារ​ខ្លួន​អ្នក​ពី​ពន្លឺព្រះអាទិត្យ​
​ជំងឺមហារីក​ស្បែក​គឺជា​ជំងឺមហារីក​មួយ​ប្រភេទ​ក្នុងចំណោម​ជំងឺមហារីក​ទូទៅ ដែល​អាច​ការពារ​បាន​។ សាកល្បង​វិធី​មួយចំនួន​ដូចជា​៖
•​ ​ជៀសវាង​ពន្លឺ​ថ្ងៃ​នៅពេល​ថ្ងៃត្រង់​៖ ស្ថិតនៅ​ឆ្ងាយ​ពី​ពន្លឺព្រះអាទិត្យ​ចន្លោះ​ម៉ោង​១០​ព្រឹក និង ម៉ោង​៤​ល្ងាច​នៅពេល​កាំរស្មីព្រះអាទិត្យ​ខ្លាំង​បំផុត​។​
•​ ​ស្ថិតនៅក្នុង​ម្លប់​៖ នៅពេល​អ្នក​នៅ​ខាងក្រៅ សូម​ស្ថិតនៅក្នុង​ម្លប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​
•​ គ្របដណ្តប់​លើ​ផ្នែក​ដែល​ប៉ះពាល់​នឹង​កម្តៅថ្ងៃ​៖ ស្លៀក​សម្លៀកបំពាក់​គ្រប​លើ​ស្បែក​របស់​អ្នក​ឱ្យបាន​ជិត​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។​
•​ ​កុំ​មើលរំលង​ឡេ​ការពារ​កម្តៅថ្ងៃ​៖ ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​ដែលមាន​សារធាតុ​SPF យ៉ាងតិច​៣០ សូម្បីតែ​នៅ​ថ្ងៃរសៀល​ក៏ដោយ​។​

៥. ចាក់​វ៉ាក់សាំង​ការពារ​
​ការការពារ​ជំងឺមហារីក​អាចធ្វើ​ឡើង​ដោយ​ការចាក់​វ៉ាក់សាំង​ការពារ​ដូចជា​៖ ថ្លើម​ប្រភេទ​B និង​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ជាដើម​។​

៦. ជៀសវាង​អាកប្បកិរិយា​ដែលមាន​ហានិភ័យ​
​វិធីសាស្ត្រ​ការពារ​ជំងឺមហារីក​ដែលមាន​ប្រសិទ្ធភាព​មួយទៀត គឺ​ចៀសវាង​អាកប្បកិរិយា​ដែលមាន​ហានិភ័យ ដែល​អាច​នាំឱ្យ​មានការ​ឆ្លង​ជំងឺមហារីក​។ ឧទាហរណ៍​: ត្រូវអនុវត្ត​ការរួម​ភេទ​ដែលមាន​សុ​វត្តិភាព និង​កុំ​ចាក់ ឬ​ប្រើ​ម្ជុល​រួមគ្នា​។​

៧. ថែទាំ​សុខភាព​ជាប្រចាំ​
​ការពិនិត្យ​សុខភាព​ជាប្រចាំ អាច​ចៀសវាង​នូវ​ជំងឺមហារីក​ប្រភេទ​ផ្សេងៗ​ដូចជា​៖ មហារីក​ស្បែក ពោះវៀនធំ មាត់ស្បូន និង​សុដន់​ដែល​វា​អាច​បង្កើន​ឱកាស​នៃ​ការរកឃើញ​ជំងឺមហារីក​ឆាប់ៗ ក្នុង​ការទទួល​បានកា​រ​ព្យាបាល​ដ៏​ជោគជ័យ​។

 

​អត្ថបទ​​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ MAYO CLINIC

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam