22. ខែ​មិថុនា 2021

តើ​វ៉ាក់សាំង​ការពារ​មហារីក​មាត់ស្បូន​ចាំបាច់​ទេ​សម្រាប់​ស្ត្រី​? | Health.D Cam

ខែ​វិច្ឆិកា 6, 20201min1390
hpv-vaccination

​មហារីក​មាត់ស្បូន​គឺជា​ក្តីបារម្ភ​របស់​ស្ត្រី​ជាច្រើន​អំពី​ថា​តើ​ពួកគេ​អាច​នឹង​ប្រឈម​ទៅនឹង​ជំងឺ​នេះ​ឬទេ​នាពេល​អនាគត ឬថា​តើ​គួរ​ធ្វើយ៉ាងណា​ដើម្បី​បង្ការ​ខ្លួន​ពី​ជំងឺ​នេះ​បាន​។​
​ជំងឺមហារីក​មាត់ស្បូន​ ភាគច្រើន​មាន​ទំនាក់ទំនង​នឹង​វីរុស​ម្យ៉ាង​ឈ្មោះថា Human Papillomavirus (HPV) ដែល​ឆ្លង​តាមរយៈ​ការរួម​ភេទ​។ ការចាក់​ថ្នាំ​បង្ការ​ជាមួយនឹង​វ៉ាក់សាំង (HPV) អាច​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺមហារីក​មាត់ស្បូន​​ទូទាំង​ពិភពលោក​។ នេះ​ជា​អ្វីដែល​អ្នក​ត្រូវ​ដឹង​អំពី​វ៉ាក់សាំង​(HPV)​។​

​តើ​វ៉ាក់សាំង HPV មាន​មុខងារ​អ្វីខ្លះ​?
​វីរុសHPV ​រាលដាល​តាមរយៈ​ទំនាក់ទំនង​ផ្លូវភេទ ហើយ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ករណី​មហារីក​មាត់ស្បូន​​។ Gardasil 9 គឺជា​វ៉ាក់សាំងHPV ដែល​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឧ៌​សថ​អាមេរិក ហើយ​អាច​ប្រើ​បាន​ទាំង​ក្មេងស្រី និង​ក្មេងប្រុស​។ វ៉ាក់សាំង​នេះ អាច​ការពារ​មហារីក​មាត់ស្បូន ប្រសិនបើ​ចាក់​មុនពេល​ក្មេងស្រី ឬ​ស្ត្រី​ឆ្លង​វីរុស​។ លើសពីនេះ  វ៉ាក់សាំង​នេះ​ក៏​អាច​ការពារ​ជំងឺមហារីក​ទ្វារមាស និង​មាត់​ទ្វារមាស​ចំពោះ​ស្ត្រី និង​អាច​ការពារ​ជំងឺ​ឬ​ស​ក្នុង​ប្រដាប់បន្តពូជ និង​មហារីក​រន្ធ​គូថ​ចំពោះ​ស្ត្រី និង​បុរស​ផងដែរ​។​

​តាម​ទ្រឹស្តី ការចាក់​វ៉ាក់សាំង​ក្មេងប្រុស​ប្រឆាំងនឹង​ប្រភេទ​វីរុស HPV ដែល​ទាក់ទង​នឹង​ជំងឺមហារីក​មាត់ស្បូន​ក៏​អាចជួយ​ការពារ​ក្មេងស្រី​ពី​វីរុស​តាមរយៈ​ការថយចុះ​ការចម្លង​។ ប្រភេទ​ខ្លះ​នៃ​វីរុស HPV ក៏​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ជំងឺមហារីក​មាត់ និង​បំពង់ក​ផងដែរ​។ ដូច្នេះ​វ៉ាក់សាំង HPV អាច​ផ្តល់​ការការពារ​ខ្លះ​ប្រឆាំងនឹង​ជំងឺមហារីក​ទាំងនេះ​ផងដែរ​។​

​តើ​វ៉ាក់សាំង HPV សម្រាប់​អ្នកណា​ហើយ​វា​គួរតែ​ចាក់​នៅពេលណា​?
​វ៉ាក់សាំង HPV ត្រូវបាន​ណែនាំ​ចំពោះ​ក្មេងស្រី និង​ក្មេងប្រុស​អាយុ ១១ ឬ ១២ ឆ្នាំ​ទោះបីជា​វា​អាច​ត្រូវបាន​ផ្តល់​ឱ្យនៅ​អាយុ​៩ ឆ្នាំ​ក៏ដោយ​។ វា​ជាការ​ប្រសើរ​សម្រាប់​ក្មេងស្រី និង​ក្មេងប្រុស​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​មុនពេល​ពួកគេ​មាន​ទំនាក់ទំនង​ផ្លូវភេទ និង​មិនទាន់​ប៉ះពាល់​ជាមួយ​វីរុស​HPV ។ ការស្រាវជ្រាវ​បានបង្ហាញ​ថា ការចាក់​វ៉ាក់សាំង​នៅពេល​វ័យក្មេង​មិន​ពាក់ព័ន្ធ​ជាមួយនឹង​ការចាប់ផ្តើម​នៃ​សកម្មភាព​ផ្លូវភេទ​ទេ​។​

​នៅពេលដែល​នរណាម្នាក់​ឆ្លង​វីរុសHPV វ៉ាក់សាំង​នេះ​ប្រហែលជា​មិនសូវមាន​ប្រសិទ្ធភាព ឬ​ប្រហែលជា​មិនមាន​ប្រសិទ្ធិភាព​ទាល់តែសោះ​។ ដូចគ្នានេះ​ផងដែរ ប្រសិទ្ធិភាពរបស់​វ៉ាក់សាំង​ គឺ​ល្អប្រសើរ​ចំពោះ​មនុស្ស​វ័យក្មេង​ជាង​មនុស្ស​ចាស់​។ ថ្មីៗនេះ មជ្ឍមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ (CDC) ​បានណែនាំ​ឱ្យ​ក្មេង​អាយុ​ពី ១១ ទៅ ១២ ឆ្នាំ​ទទួល​វ៉ាក់សាំង HPV ចំនួន​ពីរ​ដូ​ស​ក្នុង​រយៈពេល​យ៉ាងតិច​៦ ខែ ដោយ​ជំនួស​ឱ្យ​ការចាក់​ចំនួន​បី​ដង​ដែល​បាន​ណែនាំ​ពីមុន​។ ក្មេង​ជំទង់​ដែលមាន​អាយុ​ពី ៩ ទៅ ១០ឆ្នាំ និង​អាយុ ១៣ និង ១៤ឆ្នាំ​ក៏​អាច​ទទួល​ការចាក់​វ៉ាក់សាំង​បាន​តាម​កាលកំណត់​ពីរដង​ដែល​បានធ្វើ​បច្ចុប្បន្នភាព​ផងដែរ​។ ការស្រាវជ្រាវ​បានបង្ហាញ​ថា​ ការ​ចាក់​ពីរ​ដូ​សមាន​ប្រសិទ្ធភាព​សម្រាប់​កុមារ​អាយុ​ក្រោម ១៥​ឆ្នាំ​។​

​មនុស្ស​វ័យ​ជំទង់ និង​យុវវ័យ​ដែល​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នៅក្រោយ​អាយុ​ចាប់ពី ១៥ ដល់ ២៦ ឆ្នាំ​គួរតែ​បន្ត​ទទួល​វ៉ាក់សាំង​ចំនួន​៣​ដូ​ស​។ ឥឡូវនេះ CDC បានផ្តល់​អនុសាសន៍​ឱ្យទទួល​ការចាក់​វ៉ាក់សាំង HPV សម្រាប់​មនុស្ស​ទាំងអស់​ដែលមាន​អាយុ ២៦​ឆ្នាំ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់​។ រដ្ឋបាល​ចំណីអាហារ និង​ឪ​សថ​អាមេរិក​បានអនុម័ត​អោយប្រើ​ប្រាស់​វ៉ាក់សាំង​ប្រភេទ​Gardasil 9 សំរាប់​បុរស និង​ស្ត្រី​ដែលមាន​អាយុ​ពី ៩ ទៅ ៤៥​ឆ្នាំ​ផងដែរ។​

​តើ​អ្នកណា​មិនគួរ​ចាក់​វ៉ាក់សាំង HPV?
​វ៉ាក់សាំង HPV មិនត្រូវ​បាន​ណែនាំ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នក​ដែលមាន​ជំងឺ​មធ្យម ឬ​ធ្ងន់ធ្ងរ​ទេ​។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ប្រសិនបើ​អ្នកមាន​អា​ឡែក​ហ្ស៉ី​ធ្ងន់ធ្ងរ រួមទាំង​មានប្រតិកម្ម​ទៅនឹង​ជំងឺផ្សិត ឬ​កន្ទួល​រមាស់​។ ដូចគ្នានេះ​ផងដែរ ប្រសិនបើ​អ្នកមាន​ប្រតិកម្ម​អាឡែកហ្ស៊ី​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​ចំពោះ​សមាសធាតុ​ណាមួយ​នៃ​វ៉ាក់សាំង ឬ​កម្រិត​ថ្នាំ​វ៉ាក់សាំង​ពីមុនមក អ្នក​មិនគួរ​ចាក់​វ៉ាក់សាំង​ទេ​។​

​តើ​វ៉ាក់សាំង HPV ផ្តល់​អត្ថប្រយោជន៍​ទេ ប្រសិនបើ​អ្នក​បាន​រួមភេទ​រួចហើយ​?
​ទោះបីជា​អ្នកមាន​ផ្ទុក​វីរុស HPV រួចហើយ អ្នក​នៅតែ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​វ៉ាក់សាំង​ព្រោះ​វា​អាច​ការពារ​អ្នក​ពី​ប្រភេទ​មេរោគ​ដទៃទៀត​ដែល​អ្នក​មិនទាន់មាន​។ ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​វ៉ាក់សាំង​ណាមួយ​អាច​ព្យាបាល​ការឆ្លង​វីរុស HPV ដែលមាន​ស្រាប់​បានទេ​។ វ៉ាក់សាំង​ការពារ​អ្នក​ពី​វីរុស HPV នៅពេលដែល​អ្នក​មិនទាន់បាន​ឆ្លង​វីរុស​រួច​។​

​តើ​វ៉ាក់សាំង HPV មាន​ហានិភ័យ​ចំពោះ​សុខភាព ឬ​ផល​រំខាន​ដែរឬទេ​?
​ផលប៉ះពាល់​អាចមាន​ជាធម្មតា និង​តិចតួច​ប៉ុណ្ណោះ​។ ផលប៉ះពាល់​ទូទៅ​បំផុត​នៃ​វ៉ាក់សាំង HPV រួមមាន​៖ ការឈឺ ហើម ឬ​ឡើង​ក្រហម​នៅ​កន្លែង​ចាក់​ថ្នាំ​។ ជួនកាល​វិលមុខ ឬ​ដួលសន្លប់​កើតឡើង​បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​រួច​។ អង្គុយ​នៅ​មួយកន្លែង​រយៈពេល ១៥​នាទី បន្ទាប់ពី​ចាក់​រួច អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការដួលសន្លប់​។ លើសពីនេះ​ទៀត ការឈឺ​ក្បាល ចង្អោរ​អស់កម្លាំង ឬ​ខ្សោយ​ក៏​អាច​កើតមាន​ផងដែរ​។

​តើ​ស្ត្រី​ដែល​បានទទួល​វ៉ាក់សាំង HPV នៅតែ​ត្រូវការ​ពិនិត្យ​រកមើល​កោសិការ​មហារីក​មាត់ស្បូន​ដែរឬទេ​? (Pap tests)
​ពិតណាស់ វ៉ាក់សាំង HPV មិនបាន​ជំនួស​កាពិ​និត្យ​រកមើល​កោសិការ​មហារីក​មាត់ស្បូន​ទេ​។ ការត្រួតពិនិត្យ​ជាប្រចាំ​ចំពោះ​ជំងឺមហារីក​មាត់ស្បូន​តាមរយៈ​ការធ្វើ Pap tests ជា​ទៀងទាត់​ចាប់ផ្តើម​ពី​អាយុ២១​ឆ្នាំ​នៅតែ​ជា​ផ្នែក​សំខាន់​ដ៏​មួយ​នៃ​ការថែទាំ​សុខភាព​របស់​ស្ត្រី​។​

​តើ​អ្នក​អាចធ្វើ​អ្វី​បាន​ដើម្បី​ការពារ​ពី​ជំងឺមហារីក​មាត់ស្បូន ប្រសិនបើ​អ្នក​មិន​ស្ថិតនៅក្នុង​ក្រុម​អាយុ​ដែល​ត្រូវបាន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​?
​វីរុស HPV ឆ្លងតាម​រយៈ​ការ​ផ្លូវភេទ តាម​មាត់ តាម​ទ្វារមាស ឬ​រន្ធ​គូថ​។ ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​វីរុស HPV សូម​ប្រើ​ស្រោមអនាម័យ​រាល់​ពេលដែល​អ្នក​រួមភេទ​។ លើសពីនេះ​ទៀត កុំ​ជក់បារី ព្រោះ​ការជក់បារី​ជាការ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​។​

​ដើម្បី​រកមើល​ជំងឺមហារីក​មាត់ស្បូន​ក្នុងដំណាក់កាល​ដំបូង​បំផុត សូម​ទៅ​ជួប​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​ដើម្បី​ធ្វើ Pap tests ជាប្រចាំ ដែល​ចាប់ផ្តើម​ពី​អាយុ ២១​ឆ្នាំ​។ យកចិត្តទុកដាក់​ក្នុងការ​ស្វែ​រ​រក​សេវាវេជ្ជសាស្ត្រ​ភ្លាមៗ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​មាន​សញ្ញា ឬ​រោគសញ្ញា​ណាមួយ​នៃ​ជំងឺមហារីក​មាត់ស្បូន​ដូចជា​៖ ការហូរ​ឈាម​តាម​ទ្វារមាស​ក្រោយពេល​រួមភេទ ចន្លោះពេល ឬ​ក្រោយពេល​អស់​រដូវ ឈឺ​អាង​ត្រគាក ឬ​ឈឺចាប់​អំឡុងពេល​រួមភេទ​។​

 

​អត្ថបទ​​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ MAYO CLINIC

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam