21. ខែ​មិថុនា 2021

តើ​កាឡូរី​ប៉ុន្មាន​ទើប​គ្រប់គ្រាន់​សម្រាប់​រាងកាយ​? | Health.D Cam

ខែ​មករា 8, 20211min1780
134

មាន​ចម្ងល់ និង​ការជជែក​វែកញែក​ជាច្រើន​ដែលថា​តើ​មនុស្ស​ម្នាក់ៗ​គួរ​ទទួលទាន​អាហារ​ប៉ុន្មាន​កាឡូរី ទើប​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​រាង​ការ​ឲ្យ​មាន​សុខ​ភាពល្អ​។ អត្ថបទ​នេះ​នឹង​ផ្តល់​ជាការ​ពន្យល់ និង​គន្លឹះ​មួយចំនួន​ចំពោះ​ចម្ងល់​មួយ​នេះ​។​

​តើ​កាឡូរី​គឺជា​អ្វី​?
​កាឡូរី​គឺជា​ឯក​តា​ដែល​វាស់​ថាមពល​។ កាឡូរី​ត្រូវបាន​ប្រើ​ជាធម្មតា​ដើម្បី​វាស់​បរិមាណ​ថាមពល​នៃ​អាហារ និង​ភេសជ្ជៈ​។ ដើម្បី​បញ្ចុះ​ទំងន់ អ្នក​ត្រូវ​ញ៉ាំ​កាឡូរី​តិចជាង​រាងកាយ​របស់​អ្នក​ដែល​ធ្វើ​សកម្មភាព​ក្នុង​មួយថ្ងៃ​។​

សំណួរ​ថា​តើ​គួរ​ញាំ​កាឡូរី​ប៉ុន្មាន​ជា​មធ្យម គឺ​ពឹង​ផ្អែកលើ​កត្តា​ជាច្រើន​រួមមាន​៖ អាយុ កម្ពស់ ទំងន់​បច្ចុប្បន្ន កម្រិត​សកម្មភាព សុខភាព​មេ​តា​ប៉ូលីស និង​កត្តា​ជាច្រើន​ទៀត​។ នៅពេលដែល​អ្នក​ព្យាយាម​សម្រក​ទំងន់ គោលការណ៍​ទូទៅ​គឺ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ឱ្យនៅ​ត្រឹម ៥០០​កាឡូរី ដែល​តិចជាង​រាងកាយ​របស់​អ្នកត្រូវការ ដើម្បី​រក្សា​ទំងន់​បច្ចុប្បន្ន​របស់​អ្នក​។ ធ្វើ​ដូចនេះ វា​នឹង​ជួយ​ឱ្យ​អ្នក​ស្រក​ទំងន់​ប្រហែល ០,៤៥ គីឡូក្រាម ក្នុង​មួយ​សប្តាហ៍​។​

​ចំពោះ​ស្ត្រី​
​ស្ត្រី​ដែលមាន​សកម្មភាព​រាង​កាយ​មធ្យម ដែលមាន​អាយុ​ចន្លោះ​ពី ២៦​ទៅ ៥០​ឆ្នាំ ត្រូវការ​ញ៉ាំ​អាហារ​ប្រហែល​២០០០​កាឡូរី ក្នុង​មួយថ្ងៃ​ដើម្បី​រក្សា​ទំងន់​របស់គេ និង ១៥០០​កាឡូរី​ក្នុង​មួយថ្ងៃ​ដើម្បី​ស្រក​ទម្ងន់ ០,៤៥ គីឡូក្រាម ក្នុង​មួយ​សប្តាហ៍​។​ ស្ត្រី​ដែល​សកម្ម និង​ដើរ​លើសពី ៥​គីឡូ​ម៉​ត្រ​ក្នុង​មួយថ្ងៃ នឹងត្រូវ​ការទទួល​ទាន​អាហារ ២២០០ កាឡូរី ឬ​ច្រើនជាង​នេះ​រាល់ថ្ងៃ ដើម្បី​រក្សា​ទំងន់​របស់​ពួកគេ ហើយ​យ៉ាងហោចណាស់​គួរ​ទទួលទាន ១៧០០​កាឡូរី​ដើម្បី​សម្រក​ទម្ងន់ ០,៤៥ គីឡូក្រាម ក្នុង​មួយ​សប្តាហ៍​។​

​ស្ត្រី​វ័យក្មេង​នៅ​ចន្លោះ​អាយុ ២០​ឆ្នាំ មាន​តម្រូវការ​កាឡូរី​ខ្ពស់ជាង​។ ពួកគេ​ត្រូវការ​ថាមពល​ប្រហែល ២២០០​កាឡូរី​ក្នុង​មួយថ្ងៃ ដើម្បី​រក្សា​ទម្ងន់​របស់​ពួកគេ​។​
​ស្ត្រី​ដែលមាន​អាយុ​លើសពី ៥០​ឆ្នាំ ជាទូទៅ​ត្រូវការ​កាឡូរី​តិច​។ ស្ត្រី​ដែលមាន​សកម្មភាព​មធ្យ​ម ដែលមាន​អាយុ​លើសពី ៥០​ឆ្នាំ​ត្រូវការ​ថាមពល​ប្រហែល ១៨០០ កាឡូរី​ក្នុង​មួយថ្ងៃ​ដើម្បី​រក្សា​ទំងន់​របស់គេ និង ១៣០០ កាឡូរី​ក្នុង​មួយថ្ងៃ ដើម្បី​ស្រក​ទម្ងន់ ០,៤៥ គីឡូក្រាម ក្នុង​មួយ​សប្តាហ៍​។ ការប៉ាន់ស្មាន​ទាំងនេះ មិន​ត្រូវបាន​អនុវត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​កូន​ទេ ព្រោះ​ពួកគេ​មាន​តម្រូវការ​កាឡូរី​ខ្ពស់​។​

​ចំពោះ​បុរស​
​បុរស​ដែលមាន​សកម្មភាព​រាង​កាយ​ល្មម ដែលមាន​អាយុ​ចន្លោះ​ពី ២៦ ទៅ​៤៥ ត្រូវការ ២៦០០ កាឡូរី​ក្នុង​មួយថ្ងៃ​ដើម្បី​រក្សា​ទំងន់​របស់គាត់ និង ២១០០​កាឡូរី​ក្នុង​មួយថ្ងៃ ដើម្បី​សម្រក ០,៤៥ គីឡូក្រាម ក្នុង​មួយ​សប្តាហ៍​។ បុរស​ដែលមាន​សកម្មភាព​ដើរ​លើសពី ៥​គីឡូម៉ែត្រ ក្នុង​មួយថ្ងៃ​អាច​ត្រូវការ​ពី ២៨០០ ទៅ​៣០០០ កាឡូរី​ក្នុង​មួយថ្ងៃ ដើម្បី​រក្សា​ទំងន់​របស់​ពួកគេ និង​២៣០០ ទៅ​២០០​កាឡូរី​ក្នុង​មួយថ្ងៃ ដើម្បី​ស្រក​ទំងន់ ០,៤៥ គីឡូក្រាម ក្នុង​មួយ​សប្តាហ៍​។​

បុរស​វ័យក្មេង​ដែលមាន​អាយុ​ចន្លោះ​ពី ១៩ ទៅ​២៥​ឆ្នាំ មាន​តម្រូវការ​ថាមពល​ខ្ពស់​។ ពួកគេ​ត្រូវការ​ថាមពល​ជា​មធ្យម ២៨០០ កាឡូរី​ក្នុង​មួយថ្ងៃ ដើម្បី​រក្សា​ទំងន់​របស់​ពួកគេ និង​រហូតដល់ ៣០០០​កាឡូរី ប្រសិនបើ​ពួកគេ​មាន​សកម្មភាព​រាងកាយ​ខ្លាំង​។ ដើម្បី​ស្រក​ទម្ងន់ ០,៤៥ គីឡូក្រាម ក្នុង​មួយ​សប្តាហ៍ យុវជន​ដែលមាន​សកម្មភាព​រាង​កាយ​ល្មម គួរតែ​ទទួលទាន​អាហារ ២.៣០០​ទៅ ២០០​កាឡូរី​ក្នុង​មួយថ្ងៃ​។​

​តម្រូវការ​ថាមពល​ថ​យ​ចុះ​ទៅតាម​អាយុ​បុរស​។ អាយុ​ចន្លោះ​ពី ៤៦ ទៅ​៦៥​ឆ្នាំ បុរស​ដែល​សកម្ម​ល្មម ត្រូវការ​ថាមពល​ជា​មធ្យម ២៤០០​កាឡូរី​ក្នុង​មួយថ្ងៃ​។ ចំណែកឯ​បុរស​ដែលមាន​អាយុ​៦៦​ឆ្នាំ តម្រូវការ​កាឡូរី​ជា​មធ្យម​របស់​ពួកគេ គឺ​ថយចុះ​ប្រហែលជា ២២០០ កាឡូរី​ក្នុង​មួយថ្ងៃ​។​

​ចំពោះ​កុមារ​
​កុមារ​មាន​តម្រូវការ​កាឡូរី​ផ្សេងៗ​គ្នា អាស្រ័យ​លើ​អាយុ ទំហំ​ខ្លួន និង​កម្រិត​សកម្មភាព​។ ​​ចំណែក​ក្មេង​ដែល​ចេះ​ដើរ​តេះតះ ជា​មធ្យម​ត្រូវការ​ថាមពល​ពី ១២០០ ទៅ​១៤០០ កាឡូរី​ក្នុង​មួយថ្ងៃ​។ ក្មេង​ជំទង់​ដែលមាន​សកម្មភាព​មធ្យ​ម​ត្រូវការ ២០០០ ទៅ​២៨០០​កាឡូរី​ក្នុង​មួយថ្ងៃ​។ ក្មេងប្រុស​ជំទង់​ដែល​សកម្ម ត្រូវការ​ថាមពល​ច្រើន​ជាងនេះទៅទៀត​។​ កុមារ​ដែល​កំពុង​លូតលាស់ អភិវឌ្ឍន៍​ធម្មតា និង​មាន​សកម្មភាព​រាងកាយ ជាធម្មតា​មិនចាំបាច់​រាប់​កាឡូរី​ទេ​។ នៅពេលដែល​ពួកគេ​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ជម្រើស​អាហារ​ល្អៗ ដើម្បី​បរិភោគ​កុមារ​ដែល​ដែលជា​វ័យ​សកម្ម អាច​បរិភោគ​អាហារ​ដែល​ខ្លួន​ត្រូវការ​បាន​។​

គន្លឹះ​គួរ​ចងចាំ​
​អ្នកត្រូវការ​កាឡូរី​ប៉ុន្មាន​ក្នុង​មួយថ្ងៃ គឺ​អាស្រ័យ​លើ​ថា​តើ​អ្នក​ចង់​រក្សា សម្រក ឬ​ឡើង​ទំងន់​ក៏ដូចជា​កត្តា​ផ្សេងៗ​ដូចជា​៖ ភេទ អាយុ កម្ពស់ ទំងន់​បច្ចុប្បន្ន កម្រិត​សកម្មភាព និង​សុខភាព​មេ​តា​ប៉ូលីស​។ ការកាត់បន្ថយ​កាឡូរី មិន​មានន័យថា​ត្រូវ​បង្អត់អាហារ​ខ្លួនឯង​ទេ​។ ការផ្លាស់ប្តូរ​របប​អាហារ និង​របៀប​រស់នៅ​សាមញ្ញ​មួយចំនួន​រួមមាន​៖ ការធ្វើ​លំ​ហាត់ប្រាណ ផ្តល់​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ដល់​រាងកាយ និង​បង្កើន​ការទទួល​ទាន​ប្រូ​តេ​អុ​ី​ន អាចជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់ និង​មាន​អារម្មណ៍ល្អ​។​

​ដូច្នេះ ការស្វែងយល់​ពី​បរិមាណ​កាឡូរី និង​កត្តា​ពាក់ព័ន្ធ​មួយ​ចំនួ​ន ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​រៀបចំ​របប​អាហារ និង​រក្សា​លំនឹង​សកម្មភាព​រាងកាយ​រប​ស់​អ្នក​ឲ្យ​បានល្អ​ប្រសើរ​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
ប្រភព​ឯកសារពិគ្រោះ​៖ HEALTH LINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam