22. ខែ​មិថុនា 2021

តើ​អ្នក​ត្រូវ​ដឹង​អ្វីខ្លះ​នៅ​ពេល​មាន​ផ្ទៃ​ពោះ​ក្នុង​កំ​ឡុង​វិបត្តិ​ជំងឺ​កូ​វីដ១៩? | Health.D Cam

ខែ​កញ្ញា 1, 20201min800
hipwee

ការ​មាន​ផ្ទៃពោះ​គឺជា​ពេលវេលា​ដ៏​ស្មុគស្មាញ​មួយ​ដែល​ស្ត្រី​ភាគច្រើន​ជួបប្រទះ ដូចជា​ការព្រួយបារម្ភ ការភ័យខ្លាច ការ​តប់ប្រមល់​ជាដើម​។ ដោយឡែក​នៅក្នុង​កាលៈទេសៈ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ​បានធ្វើ​ឲ្យ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​កាន់តែ​មានការ​ព្រួយបារម្ភ​ទ្វេដង​អំពី​លទ្ធភាព​នៃ​ការឆ្លង​ជំងឺ ឬ​ផលប៉ះពាល់​ផ្សេងៗ​ចំពោះ​ម្តាយ និង​ទារក​នៅក្នុង​ផ្ទៃ​។ ក្រៅពី​ការឆ្លងកាត់​នូវ​ស្ថានភាព​ដ៏​លំបាន​នេះ លោកអ្នក​ត្រូវ​ចងចាំ​ថា​ស្ត្រី​គ្រប់រូប​នៅតែមាន​សិទ្ធិ និង​លទ្ធភាព​ក្នុងការ​ទទួលបាន​សេវា​ថែទាំ​សុខភាព​ទាំង​ក្នុងកំឡុងពេល​ពពោះ និង​ពេល​សម្រាល​។ ដូច្នេះ​មាន​ចំនុច​សំខាន់ៗ​មួយចំនួន​ដែល​លោកអ្នក​គួរស្វែងយល់​នៅពេល​មាន​សមាជិកគ្រួសារ​ជា​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ក្នុងកំឡុងពេល​វិបត្តិ​ជា​សាកល​នេះ​។​

១.​តើ​ស្ត្រី​មាន​ផ្ទៃពោះ​ពិត​ជាមាន​ហានិភ័យ​ក្នុងការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​មែនដែរ​ឬទេ​?

​កូ​វីដ​១៩​ជា​ប្រភេទ​ជំងឺ​ថ្មី​ដែលមាន​ការឆ្លង​យ៉ាង​ឆាប់រហ័ស ហើយ​មាន​លក្ខ​ណៈ​ដែល​ត្រូវ​ការសិក្សា និង​ស្វែងយល់​បន្ថែម​។ អ្នកជំនាញ​ផ្នែក​សុខាភិបាល​ជាច្រើន​បាន​នឹង​កំពុងធ្វើការ​សិក្សា​ទៅលើ​ផលប៉ះពាល់​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​ ជាពិសេស​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​។ តាមរយៈ​ការសិក្សា​ជាច្រើន​មិនបាន​បង្ហាញ​ភស្តុតាង​ច្បាស់លាស់​ណាមួយ​ដែលថា​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ហានិភ័យ​ក្នុង​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ទេ​។ តែ​ទោះជា​យ៉ាងណាក្តី ដោយសារតែ​កំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​មានការ​ផ្លាស់ប្តូ​រទាំង​រាងកាយ និង​ប្រព័ន្ធ​ភាព​សាំរបស់​ពួកគេ​ដែល​ងាយ​នឹង​ឆ្លង​នូវ​ជំងឺ​ផ្សេងៗ​។ ដូច្នេះ​ អ្នកជំនាញ​បាន​ណែរ​នាំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ការកាត់បន្ថយ​នូវ​ទំនាក់ទំនង​ជិតស្និត​ជាមួយ​មនុស្ស​ច្រើន ព្រមទាំង​អនុវត្តតាម​គោលការណ៍​រក្សា​អនាម័យ​ឲ្យ​បាន​ភ្ជាប់​ផ្ជួ​ន និង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ប្រសិនបើ​លោកអ្នក​មាន​អាការ​:គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម​ជាដើម​។​

២. តើ​ស្ត្រី​គួរ​បង្ការ​ខ្លួន​បែបណា​ដើម្បី​ចៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩?

​វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​លោកអ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​លើ​ការ​ណែរ​នាំ​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ តាមរយៈ​វិធី​បង្ការ​មួយចំនួន​ដូចជា​៖

  • ​ ​ការរក្សា​គំលាត​សង្គម​៖ កាត់បន្ថយ​ការជួបជុំ​ជាមួយ​មនុស្ស​ច្រើន នោះ​ឱកាស​ក្នុងការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នឹងមាន​ទាប​បំផុត​
  • ​ ​ជៀសវាង​តំបន់​ដែលមាន​មនុស្ស​ច្រើន ប្រសិនបើ​អ្នក​ត្រូវ​ចូលទៅក្នុង​ទីសាធារណៈ លោកអ្នក​គួរ​រក្សា​ចម្ងាយ​យ៉ាងហោចណាស់​ពីរ​ម៉ែត្រ​ពី​មនុស្ស​ម្នាក់ទៀត​
  • ​ ​ជៀសវាង​ការធ្វើដំណើរ​តាម​មធ្យោបាយ​សាធារណៈ​បើ​អាចធ្វើ​ទៅបាន​
  • ​ ​ធ្វើការ​ពី​ផ្ទះ​តាម​ដែល​អាចធ្វើ​ទៅបាន​
  • ​ ​លាងដៃ​របស់​អ្នក​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ​ និង​ទឹក​យ៉ាងហោចណាស់​២០​វិនាទី​។ ប្រសិនបើ​គ្មាន​សាប៊ូ​ និង​ទឹក​ទេ អ្នក​អាច​ប្រើ​ជែ​ល​លាងដៃ​ដែលមាន​ជាតិ​អាល់កុល​
  • ​ ​ជៀសវាង​ការ​ប៉ះ​មុខ​របស់​អ្នកជា​ពិសេស​នៅ​ជុំវិញ​តំបន់​មាត់ ច្រមុះ និង​ភ្នែក​
  • ​ ​រក្សា​អនាម័យ​នៅពេល​កណ្តាស់​ ឬ​ក្អក​។ អ្នក​គួរតែ​ខ្ទប់​ច្រមុះ​ និង​មាត់​របស់​អ្នក​ដោយ​ការ​ក្អក ​ឬ​កណ្តាស់​ដោយ​ប្រើ​កន្លែង ក្រដាស ឬ​កែងដៃ​ជាដើម​។​

៣. តើ​ស្ត្រី​អាច​ចម្លងជំងឺ​កូ​វីដ​១៩​ទៅ​កូន​របស់​ពួកគេ​បានដែរ​ឬទេ​?

​មកទល់ពេលនេះ​យើង​នៅតែ​មិនដឹងថា​តើ​អ្នកមាន​ផ្ទៃពោះ​ដែលមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​អាច​ចម្លង​ទៅ​ទារក​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ​ ឬ​ពេល​សម្រាលកូន​នៅឡើយ​ទេ​។ ប៉ុន្តែ​យ៉ាងណា​ម៉ិញ ទារក​ទើបនឹង​កើត​អាច​ងាយ​នឹង​ឆ្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។ រហូតមកដល់​បច្ចុប្បន្ន​ប្រភេទ​វីរុស​នៃ​ជំងឺ​នេះ​មិនត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​សំណាក​នៃ​វត្ថុ​រាវ ឬ​ទឹកដោះ​ម្តាយ​នោះទេ​។

៤.​តើ​ស្ត្រី​គួរ​ស្វែងរក​សេវា​ថែទាំ​មុន និង​ក្រោយពេល​សម្រាល​ដែរឬទេ​?

​ជាការ​ពិត វា​ជា​រឿង​សំខាន់​ណាស់​ដែល​ស្រ្តីមានផ្ទៃពោះ​ត្រូវ​បន្ត​ទទួល​ការថែទាំ​មុន និង​ក្រោយពេល​សំរាល​។ សូម​ជួបពិភាក្សា​ជាមួយ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​មាតា​អំពី​វិធី​ល្អ​បំផុត​ដើម្បី​បន្ត​ការ​ណាត់ជួប​ជាធម្មតា​។ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ត្រូវបាន​ណែរ​នាំឱ្យ​ទទួលបាន​នូវ​ការ​ណាត់ជួប​ដោយផ្ទាល់​តិចជាង​មុន​ជាមួយ​ឆ្មប​ ឬ​គ្រូពេទ្យ​ជំនាញ ដោយ​ជំនួស​នូវ​ការប្រាស្រ័យ​ទាក់ទង​ច្រើន​តាមរយៈ​ទូរស័ព្ទ ឬ​តាម​អ៉ីន​ធើ​ណិ​ត​។ សូម​ផ្តល់ដំណឹង​ដល់​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​ឱ្យ​បានដឹង​ជាមុន​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩ ឬ​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​អ្នក​ដែលមាន​ផ្ទុក​ជំងឺ​នេះ​។​

៥. តើ​ការ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​មាន​សុវត្ថិភាព​ទេ​នៅក្នុង​កំឡុងពេល​កូ​វីដ​១៩​នេះ​?

​មន្ទីរពេទ្យ​ភាគច្រើន​នឹងមាន​គោលការណ៍​ណែរ​នាំ​ស្តីពី​ជំងឺ​កូ​វីដ​១៩ ដើម្បីឱ្យ​ស្ត្រី​មានការ​សម្រាលកូន​ដោយ​សុវត្ថិភាព​។ ប្រសិនបើ​អ្នក​មិន​បានដឹង​ច្បាស់​អំពី​គោលការណ៍​ណែរ​នាំ ឬ​នីតិវិធី​នេះ សូម​ទាក់ទង​ទៅ​មន្ទីរពេទ្យ​ដែល​អ្នក​គ្រោង​នឹង​សម្រាលកូន​ដើម្បី​រៀបចំ និង​ត្រៀមខ្លួន​ទុកជាមុន​។ វា​ចាំបាច់​ណាស់​ក្នុងការ​សន្ទនា​ដោយ​បើកចំហរ​ជាមួយ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​ជុំវិញ​ជម្រើស​ដែល​អាច​រកបាន​ ដើម្បី​ស្វែងរក​ជម្រើស​ណាមួយ​ដែល​សមស្រប​បំផុត​សម្រាប់​អ្នក​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam

ប្រភពឯកសារពិគ្រោះ៖  សហ​ម្ព័​ន្ធ​ផែនការ​គ្រួសារ​អន្តរជាតិ​ International Plan Parenthood Federation (IPPF).2020. “What you need to know about pregnancy and COVID-19”

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam