19. ខែ​មិថុនា 2021

វិធី​សា​ស្ត្រ​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស​របស់​ឪពុក​ម្តាយ​ក្នុង​កំ​ឡុង​ពេល​កូ​វី​ដ១៩ | Health.D Cam

ខែ​កញ្ញា 14, 20201min880
how-to-dealwith-stress-during-covid19

ការឆ្លង​រីក​រាល​ដាន​នៃ​ជំងឺ​កូ​វីដ​១៩​បាន​ជម្រុញ​ឲ្យ​ពិភពលោក​ទាំងមូល​ក៏ដូចជា​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូ​រ​ការរស់នៅ ការធ្វើការងារ និង​ប្រកប​របរ​រក​ស៊ី​ជាដើម​។​ក្នុងកំឡុងពេល​រក្សា​គំលាត​សង្គម មនុស្ស​ភាគច្រើន​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ធ្វើការ​ពី​ផ្ទះ និង​សាលារៀន​ក៏ត្រូវ​បាន​បិទ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឪពុកម្តាយ​ត្រូវ​ចំណាយពេល​ជួយ​កូនៗ​របស់​ពួកគេ​ក្នុងការ​ផ្លាស់ប្តូរ​ទម្លាប់​រៀន​នៅ​សាលា​មក​រៀន​តាម​អន​ឡាញ​វិញ​។ ការរៀន​អន​ឡាញ​សម្រាប់​ក្មេងៗ​តូចៗ​ពិតជា​ត្រូវការ​ការយកចិត្តទុកដាក់ និង​តាមដាន​ជាប្រចាំ​ដើម្បី​ធានាថា​ពួកគេ​អាចមាន​លទ្ធភាព​ទទួល​បាន​នូវ​ខ្លឹមសារ​មេរៀន​ដែល​លោកគ្រូ​អ្នកគ្រូ​បាន​បង្រៀន​។ ដូច្នេះ​នៅក្នុង​ដំណាក់កាល​នេះ​ឪពុកម្តាយ​ដើរតួរ​នាទី​យ៉ាងសំខាន់​ក្នុងការ​ជម្រុញ​កូនៗ​របស់​ពួកគេ​ទាំង​ការរៀបចំ​កាលវិភាគ​រៀន និង​ការធ្វើ​កិច្ចការ​របស់​សាលា​ជាដើម​។

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Oxford បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​មួយ​ស្តីពី​ការឆ្លើយតប​របស់​ឪពុកម្តាយ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​។ ការសិក្សា​បាន​រកឃើញថា​ប្រភព​ស្ត្រេ​ស​ដែល​កើតមាន​ញឹកញាប់​បំផុត​នៅពេល​ប្រជាជន​ត្រូវបាន​ស្នាក់នៅ​ក្នុងផ្ទះ​គឺ​ជាប់ទាក់ទង​នឹង​ការងារ ​ហើយ​និង​ការព្រួយបារម្ភ​របស់​ឪពុកម្តាយ​អំពី​សុខុមាលភាព​របស់​កូនៗ​ពួកគេ ​រួមទាំង​ផលប៉ះពាល់​នៃ​ការបិទ​សាលារៀន​ផងដែរ​។​

​ជាងនេះទៅទៀត​ឪពុកម្តាយ​ និង​អ្នក​ថែទាំ​ក្មេង​ជិត​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​ត្រូវបាន​ស្ទង់​មតិ​យល់ថា​ កូន​របស់​ពួកគេ​មានការ​ព្រួយបារម្ភ​ខ្លាច​ក្រុមគ្រួសារ និង​មិត្តភក្តិ​ឆ្លង​ជម្ងឺកូវីដ១៩ ហើយ​ប្រហែល​មួយ​ភាគបី​បាន​និយាយថា​កូន​របស់​ពួកគេ​មានការ​នឹក​សាលារៀន​។ លើសពីនេះទៅទៀត ឪពុកម្តាយ​ក៏បាន​រាយការណ៍​ផងដែរ​ពី​ភាព​តានតឹង​ដែល​ពួកគេ​ជួបប្រទះ​ក្នុងកំឡុងពេល​ធ្វើការ​នៅ​ខាងក្រៅ​ផ្ទះឆ្ងាយពីកូនៗ​។​

​ខាងក្រោម​នេះ​ជា​ចំនុច​សំខាន់ៗ​មួយចំនួន​ដែល​ឪពុកម្តាយ​គួរ​ធ្វើ​ដើម្បី​ថែទាំ​សុខភាព​កូន​ក្នុង​ពេលវេលា​ដ៏​ស្មុគស្មាញ​នេះ​៖

  • ​ ​រក្សា​ទម្លាប់​ដែល​ធ្លាប់​ធ្វើតាម​ដែល​អាចធ្វើ​ទៅបាន ​ឬ​បង្កើត​ទម្លាប់​ថ្មីៗ​ ជាពិសេស​ប្រសិនបើ​អ្នក​ត្រូវ​នៅផ្ទះ​
  • ​ ​ពន្យល់ ឬ​ជជែក​អំពី​មេរោគ​ឆ្លង​ថ្មី​ជាមួយ​កូនៗ​របស់​អ្នក​ដោយ​ប្រើ​ភាសា​សមស្រប​តាម​អាយុ​ក្មេង​
  • ​ ​គាំទ្រ និង​ជម្រុញ​កូនៗ​របស់​អ្នក​ក្នុងការ​រៀនសូត្រ​នៅផ្ទះ​ហើយ​ត្រូវ​ទុកពេល​វេលា​ខ្លះ​ឲ្យ​ពួក​គេ​សម្រាប់​លេង​
  • ​ ​ជួយ​កូន​ឱ្យ​រក​វិធី​វិជ្ជមាន​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ពួកគេ​អំពី​ការភ័យខ្លាច ​និង​ការបារម្ភ​។​ ពេលខ្លះ​អ្នក​អាច​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​ច្នៃប្រឌិត​ដូចជា​គូររូប និង​ផាត់​ពណ៌​ជាដើម​។​
  • ​ ​ជួយ​កុមារ​ឱ្យមាន​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​សមាជិកគ្រួសារ​តាមរយៈ​ទូរស័ព្ទ​ និង​​បណ្តាញ​អុីន​ធើ​ណិ​ត​
  • ​ ​ត្រូវ​ប្រាកដថា​កូនៗ​របស់​អ្នកមាន​ពេល​នៅ​ឆ្ងាយ​ពី​អេក្រង់​ទូរស័ព្ទ ហើយ​ចំណាយ​ពេលធ្វើ​សកម្មភាព​នៅ​ខាងក្រៅ​ជាមួយគ្នា
  • ​ ​ជួយ​កូន​ឲ្យ​ចេះ​ធ្វើ​អ្វីមួយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដូចជា​គូររូប​ភាព សរសេរ​កំណាព្យ សាងសង់​អ្វីមួយ រៀន​ដុត​នំ ច្រៀង​ឬ​រាំ និង​លេង​នៅក្នុង​សួនច្បារ​
  • ​ ​ព្យាយាម និង​ធានាថា​កូន​របស់​អ្នក​មិន​ចំណាយពេល​ច្រើនជាង​ធម្មតា​នៅលើ​ហ្គេម​វីដេអូ​។​

​អត្ថបទ​ដោយ​៖ Health.D Cam

ប្រភពឯកសារពិគ្រោះ

១.​ ព័ត៌មាន​វេជ្ជសាស្ត្រ​/News Medical life science (2020). Parents stress over work and children’s wellbeing while in lockdown.

២.​ អង្គការ​សុខភាព​ពិភពលោក​/ World Health Organization (2020).#HealthyAtHome-Mental Health.

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam