21. ខែ​មិថុនា 2021

ជម្ងឺ​​​រលាក​​​ថ្លើម​​​ប្រភេទ​​​បេ (​ឃាត​ករ​​លាក់​​មុខ​) | Health.D Cam

ខែ​តុលា 7, 20201min820
What-is-HepatitisB

១.​តើ​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ជា​អ្វី​?
​គឺជា​ជម្ងឺ​ដែល​បណ្តាលមកពី​ការឆ្លង​នូវ​មេរោគ​ថ្លើម​ប្រភេទ​បេ ដែល​បណ្តាលអោយ​មានកា​រ​រលាក​ថ្លើម​។ គេ​ប៉ាន់​ប្រ​ម៉ាន​ថា មាន​ប្រជាជន​ទូទាំង​ពិភពលោក​ប្រហែលជា​២៤៨​លាន​នាក់​កំពុង​ផ្ទុក មេរោគ និង​៦០​ម៉ឺន​នាក់​ទៀត​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារ​ផលវិបាក​នៃ​មេរោគ​នេះ​។

២.​តើ​មេរោគ​ថ្លើម​ប្រភេទ​បេ​ឆ្លង​តាមរយៈ​អ្វីខ្លះ​?
​មេរោគ​ថ្លើម​បេ​ភាគច្រើនបំផុត​ត្រូវបាន​ចម្លង​ពី​ម្តាយ​ទៅ​ទារក​នៅពេល​សម្រាល តាមរយៈ​ការរួម​ភេទ​ដែល​មិនមាន​សុវត្ថិភាព ជាពិសេស​ការរួម​ភេទ​រវាង​បុរស​នឹង​បុរស ការប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​រួមគ្នា និង​ការបញ្ចូល​ឈាម​ជាដើម​។​

៣.​តើ​មេរោគ​ថ្លើម​ប្រភេទ​បេ​ផ្តល់​ផលវិបាក​អ្វីខ្លះ​?
​មេរោគ​ថ្លើម​ប្រភេទ​បេ​ផ្តល់​ជា​ផលវិបាក​ជាច្រើន​ទាំង​អ្នក​ដែល​ឆ្លង​ថ្មីៗ និង​អ្នក​ដែលមាន​រលាក​ថ្លើម​បេ​រ៉ាំរ៉ៃ​ដែលមាន​ដូចជា​៖
•​ ​រលាក​ថ្លើម​ធ្ងន់ធ្ងរ ឬ​ស្រួចស្រាល និង​រ៉ាំរ៉ៃ (Fulminant hepatitis)
•​ ​ក្រិន​ថ្លើម
•​ ​មហារីក​ថ្លើម​

៤.​តើ​ជម្ងឺរលាកថ្លើម​ប្រភេទបេ​មាន​រោគសញ្ញា​អ្វីខ្លះ​?
​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេ​មិនមាន​ជា​រោគសញ្ញា​ច្បា​ល់​លាស់​ឲ្យ​អ្នក​ជម្ងឺ​ដឹងខ្លួន​នោះទេ តែ​វា​អាច​ស្តែងចេញ​ជា​រោគសញ្ញា​ខ្លះៗ​នៅពេល​ឆ្លង​ក្នុងដំណាក់កាល​ដំបូង​ដូចជា​៖ ឡើង​លឿង​ចំពោះ​ស្បែក និង​ភ្នែក ក្តៅខ្លួន ល្ហិតល្ហៃ​ក្នុង​ខ្លួន និង​ឈឺពោះ​ជាដើម​។ វា​ក៏​អាច​ស្តែងចេញ​ជា​រោគសញ្ញា​នៃ​ផលវិបាក​រលាក​ថ្លើម​រ៉ាំរ៉ៃ​ក្នុងដំណាក់កាល​ធ្ងន់ធ្ងរ​ដូចជា​៖ ទៀច​ទឹក ហើមជើង ក្អួត​ឈាម លឿង​ស្បែក និង​ភ្នែក​។​ល​។​

៥. តើ​យើង​អាច​ដឹងថា​យើង​មាន​ផ្ទុកមេរោគ​ថ្លើម​បេ​ដោយ​វិធី​ណា​?
​វិធី​តែមួយគត់​ដើម្បី​អាចឲ្យ​យើង​រកឃើញ​មេរោគ​ថ្លើម​បេ​គឺ​ការធ្វើ​តេស្ត​ឈាម​។​

៦. តើ​យើង​អាច​បង្ការ​ការឆ្លង​មេរោគ​ថ្លើម​បេ​បាន​ដែល​ឬទេ​?
​យើង​ពិតជា​អាច​បង្ការ​ការឆ្លង​មេរោគ​ថ្លើម​បេ​បាន ដោយ​ការចាក់​វាក់​ស៊ាំ​ង​ថ្លើម​ប្រភេទ​បេ​ដែលជា​វិ​ធឺ​ដែល​ល្អ​បំផុត​ដើម្បី​បង្ការ​ការឆ្លង​មេរោគ​នេះ ជាពិសេស​ចំពោះ​ទារក​ដែល​ទើបនឹង​កើត​។ ចំពោះ​ម្តាយ​ដែលមាន​ផ្ទុកមេរោគ​ថ្លើម​បេ​គួរតែ​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​មុនពេល​សម្រាល​ដើម្បី​បង្ការ​ការចម្លង​ពី​ម្តាយ​ទៅ​កូន​ពេល​សម្រាល ប្រើ​ប្រា​ល់​ស្រោមអនាម័យ​រាល់ពេល​រួមភេទ​ចំពោះ​អ្នកមាន​ដៃគូរ​រួមភេទ​ច្រើន បញ្ចៀស​ការចាក់ និង​ប្រើប្រាស់​ថ្នាំញៀន​។​

៧. តើ​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេ​អាច​ព្យាបាល​ជា​ដែរឬទេ​?
​ចំពោះ​មនុស្សពេញវ័យ​ភាគច្រើន​នៃ​ការឆ្លង​ថ្មីៗ​អាចជា​ទៅវិញ​ដោយ​ឯកឯង​ដោយ​គ្រាន់តែ​ទទួល​ការព្យាបាល​រោគសញ្ញា និង​តាមដាន​ជាមួយ​គ្រួ​ពេទ្យ​។ រីឯ​អ្នក​ជម្ងឺ​រលាក​ថ្លើម​បេ​រាំរ៉ៃ​ទាមទារ​អោយមាន​ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ប្រឆាំងនឹង​មេរោគ និង​តាមដាន​ជាមួយ​គ្រូពេទ្យ​ក្នុង​រយៈពេល​យូរ​ឆ្នាំ ដើម្បី​បង្ការ​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ជម្ងឺ​នេះ​ដូច​ជា​៖ ជម្ងឺ​ក្រិន​ថ្លើម និង​ជម្ងឺមហារីក​ថ្លើម​។​

 

 

 

​អត្ថបទ​ដោយ​៖ Health.D Cam
​រៀបរៀង​ដោយ​៖ វេជ្ជ​.​អ៊ុំ សុខ​ឆាយ វេជ្ជបណ្ឌិត​ឯកទេស ក្រពះ ពោះវៀន ថ្លើម​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
​ប្រភព​ឯកសារពិគ្រោះ​៖ Hepatitis B General Information. www.cdc,gov/hepatitis, 2016

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam