21. ខែ​មិថុនា 2021

ជម្ងឺ​ស្ទះ​ដង្ហើម​ពេល​គេង​លក់ | Health.D Cam

ខែ​តុលា 7, 20201min470
Disease-Pulmonary

អ្វី​ទៅជា​ជម្ងឺ​ស្ទះដង្ហើម​ពេល​គេង​លក់​?
វា​ជា​ជម្ងឺ​ដែល​ធ្វើអោយមាន​ការស្ទះ​ដង្ហើម​ជា​ញឹកញាប់​ក្នុង​រយៈពេល​ខ្លី​នៅពេល​កំពុង​គេង​លក់​។ ជាទូទៅ​ជម្ងឺ​នេះ​ពិបាក​នឹង​សម្គាល់​ដឹង និង​ត្រូវបាន​មនុស្ស​គ្រប់គ្នា​មើលរំលង តែ​វា​អាច​បង្ករ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​ជី​វិត​។​

រោគសញ្ញា​នៃ​ជម្ងឺ​ស្ទះដង្ហើម​ពេល​គេង​លក់​
ការ​ស្រ​ម៉ុក​ខ្លាំង​ពេល​គេង​គឺជា​សញ្ញា​ចម្បង​នៃ​ជម្ងឺ​ស្ទះដង្ហើម​ពេល​គេង​លក់ និង​មាន​សញ្ញា​ផ្សេងៗ​ដូចជា​៖
• ងងុយគេង​ខ្លាំង​ពេល​ថ្ងែ​
• ឈឺក្បាល និង​អស់កម្លាំង​ពេល​ថ្ងែ​
• ពិបាក​ក្នុងការ​ផ្ចង់អារម្មណ៍ និង​ភ្លេចភ្លាំង​ច្រើន​
• ថប់ដង្ហើម​ពេល​គេង​
• ភ្ញាក់​ញឹកញាប់​ពេល​គេង និង​បត់ជើងតូច​ញឹកញាប់​ជាដើម​

មូលហេតុ​ដែល​បង្ករ​ឲ្យ​មាន​ជម្ងឺស្ទះ​ដង្ហើម​ពេល​គេង​លក់​
មូលហេតុ​ចម្បង​នៃ​ជម្ងឺ​នេះ គឺ​ការ​ត្បៀត ឬ​ស្ទះ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​ដែល​ភាគច្រើន​បង្ករ​ឡើង​ដោយ​ការ​ធាត់​ខ្លាំង ឬ​ការរីក​ធំ​នៃ​ក្រពេញ​អាមីដាល​ចំពោះ​កុមារ​។ ក្រៅពីនេះ​ក៏មាន​មូលហេតុ​ផ្សេងៗ​ទៀត​ដូចជា​៖
• ផ្លូវដង្ហើម​ខាងលើ​រួម​តូច ៖ ចង្ការ និង​ថ្កា​ម​ចង្អៀត ករ​ខ្លី​ហើយ​ធំ អណ្ដាត​ធំ​…
• ជម្ងឺ​ខួរក្បាល​ពី​កំណើ​ត​
• គ្រោះថ្នាក់​ខួរក្បាល​
• មាន​ដុំ​សាច់​ខួរក្បាល ឬ​ខូច​សាច់​ខួរក្បាល​
• ជម្ងឺខ្សោយបេះដូង​
• ជម្ងឺ​ខ្សោយ​សួត​
• ជម្ងឺ​ខ្សោយ​សាច់ដុំ​ទ្រូង និង​សាច់ដុំ​សន្ទះ​ទ្រូង​។​ល​។​

ផល​លំបាក និង​គ្រោះថ្នាក់​ដែល​បង្ករ​ដោយ​ជម្ងឺ​នេះ​
​ការស្ទះ​ដង្ហើម​នេះ ធ្វើអោយមាន​ការធ្លាក់ចុះ​អ៊ុក​ស៊ីសែន​ក្នុង​ខួរក្បាល ដែល​បណ្ដាលអោយ​អ្នក​ជម្ងឺ​ភ្ញាក់​ជា​ញឹកញាប់ គេង​មិនបាន​លក់​ពិតប្រាកដ ដំណេក​មិន​គ្រប់គ្រាន់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​។ ភាព​អស់កម្លាំង​ពេល​ថ្ងែ ងងុយគេង​ខ្លាំង ពិបាកផ្ចង់អារម្មណ៍​ក្នុងការ​បំពេញការងារ និង​អាច​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុងពេល​បំពេញការងារ​។​

​ប្រសិនបើ​មិនបាន​ទទួល​ការព្យាបាល ជម្ងឺ​នេះ​អាច​បង្ករ​ឲ្យ​មាន​៖
• ជម្ងឺលើសឈាម បេះដូង និង​បេះដូង​លោត​ខុស​ចង្វាក់​
• ជម្ងឺ​ស្ទះ​សរសៃរ​ឈាម​ខួរក្បាល​
• ជម្ងឺ​ទឹកនោមផ្អែម​
• វិ​ប​ត្តិ​មេ​តា​បូ​លិ​ក​ក្នុង​ខ្លួន​
• ការថយចុះ​ចំណង់​ផ្លូវភេទ​
• និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​

​ការធ្វើ​រោគវិនិច្ឆ័យ​
​ជម្ងឺ​នេះ​ត្រូវបាន​កំណត់​ឲ្យដឹង​តាមរយៈ​ការបំពាក់​ម៉ាស៊ី​ន​ ​Polygraphy លើ​ខ្លួន​អ្នក​ជម្ងឺ​ពេញ​១​យប់​នៅពេល​មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ​។ ម៉ា​ស៊ី​ន Polygraphie នេះ​អាច​ឲ្យ​យើង​ដឹង​អំពី​ចំនួន​ដង​នៃ​ការស្ទះ​ដង្ហើម​របស់​អ្នក​ជម្ងឺ​ក្នុង​មួយ​យប់ៗ កម្រិត​ធ្ងន់ធ្ងរ​នៃ​ជម្ងឺ និង​កម្រិត​នៃ​កង្វះ​អ៊ុក​ស៊ី​សែន​ក្នុង​ខ្លួន ដើម្បី​ឈានទៅរក​ការព្យាបាល​ដ៏​ត្រឹមត្រូវ​។​

ការព្យាបាល​
​ការព្យាបាល​ជា​ចម្បង​គឺ​ការប្រើប្រាស់​ម៉ាស៊ីន​CPAP​ក្នុងពេល​គេង​ជា​រៀងរាល់​យប់​។ វា​ជា​ម៉ា​ស៊ីន​ដែល​ផ្ដល់នូវ​សំពាធ​វិជ្ជមាន​ដើម្បី​បើកផ្លូវ​ដង្ហើម​មិនអោយ​ស្ទះ និង​ផ្ដល់​អុក​ស៊ីសែន​គ្រប់គ្រាន់​ដល់​ខួរក្បាល និង​រាងកាយ​។​
​ម្យ៉ាងវិញទៀត​គេ​ក៏មាន​វិធីសាស្ដ្រ​ផ្សេងៗ​ក្នុងការ​ព្យាបាល​ទៅតាម​មូលហេតុ​របស់​ជម្ងឺ​ដូចជា​៖
• ការ​សម្រក់​ទំងន់​
• ការ​គេង​ចំហៀង​
• ការប្រើ​ឧបករណ៍​ប្រឆាំង​ការ​ស្រ​ម៉ុក​(​ដាក់​ក្នុង​ម៉ាត់​)
• ការ​វះកាត់​បើកផ្លូវ​ដង្ហើម​ខាងលើ​បើ​មាន​បញ្ហា​ផ្លូវដង្ហើម​ខាងលើ​រួម​តូចចង្អៀត​
• ព្យាបាល​លើ​មូលហេតុ​ដែល​បង្ករ​ឲ្យ​មាន​ជម្ងឺ​នេះ​។​ល​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
រៀបរៀង​ដោយ​៖ វេជ្ជបណ្ឌិត ឆន សុធា​រី ឯកទេស​ជម្ងឺ​សួត​នៃ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត​
ប្រភព​ឯកសារពិគ្រោះ​៖ What Is Obstructive Sleep Apnea in Adults? American Thoracic Society, ATS Patient Education Series,2017 American Thoracic Society

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam