21. ខែ​មិថុនា 2021

គន្លឹះ​រក្សា​សុវត្ថិភាព​នៅ​ពេល​ត្រ​លប់​ទៅ​កន្លែង​ហាត់​ប្រាណ | Health.D Cam

ខែ​កញ្ញា 21, 20201min1730
Tips-to-stay-safe-if-you-return-to-the-gym

មិន​ថា​មានការ​ប្រកាស​ឲ្យ​រក្សា​សុ​វត្តិភាព​ដែល​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ ឬ​កន្លែង​ហាត់ប្រាណ​របស់​អ្នក​ដើម្បី​ជួយ​បន្ថយ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩​យ៉ាងណាក៏ដោយ នេះ​គឺជា​ការ​ណែរ​នាំ​មួយចំនួន​ពី​អ្នកជំនាញ​ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​ការវិភាគ​ហានិភ័យ​ផ្ទាល់ខ្លួន​ចំពោះ​ការ​ត្រលប់​ទៅ​កន្លែង​ហាត់ប្រាណ​វិញ​ប្រកបដោយ​សុវត្ថិភាព​៖

​តាមដាន​ព័ត៌មាន​ដែល​អាច​ទុកចិត្តបាន​ជាប្រចាំ​

​លោក Gonsenhauser អ្នកជំនាញ​ផ្នែក​សុខភាព​បាន​មានប្រសាសន៍ថា​“ អ្នក​គួរ​ឧស្សាហ៍​ស្វែងយល់​ព័ត៌មាន​ថ្មីៗ​ដើម្បី​យល់​ពីអ្វី​ដែល​កំពុង​កើតឡើង​នៅ​កន្លែង​ដែល​អ្នក​ស្ថិតនៅ​” និង​ទទួល​ព័ត៌មាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​តំបន់​របស់​អ្នក​អំពី​គោលការណ៍​ណែរ​នាំ​បច្ចុប្បន្ន​នៃ​ជម្ងឺ​កូ​វីដ​១៩ ដូចជា​ក្រសួងសុខាភិបាល ឬ​ម​ជ្ឈ​មណ្ឌល​គ្រប់គ្រង និង​បង្ការ​ជម្ងឺ​ជាដើម​(CDC)​។ សួរនាំ​បុគ្គលិក​ធ្វើការ​នៅ​កន្លែង​ហាត់ប្រាណ​អំពី​ការសម្អាត ការរក្សា​គំលាត​សង្គម ការតាមដាន​សុខភាព និង​ពិធីសារ​ផ្សេងទៀត​ដើម្បីឱ្យ​អ្នកមាន​សុវត្ថិភាព​។ លោក Gonsenhauser មានប្រសាសន៍ថា​“ កន្លែង​ហាត់ប្រាណ​ភាគច្រើន​ទទួលបាន​ដំណឹង និង​ការ​ណែរ​នាំ​ពី​ស្ថាប័ន​ជំនាញ​អំពី​សេចក្តីថ្លែងការណ៍ ឬ​គោលការណ៍​ណែរ​នាំ​ស្តីពី​ការអនុវត្ត​អនាម័យ​នៅ​ស្ថាប័ន​របស់​ពួកគេ​” ។​

​ពិចារណា​អំពី​ស្ថានភាព​សុខភាព និង​ហានិភ័យ​របស់​អ្នក​

​យោងតាម CDC បាន​ឲ្យ​ដឹងថា​មនុស្ស​ដែលមាន​អាយុ​លើសពី​៦៥​ឆ្នាំ និង​អ្នក​ដែលមាន​បញ្ហា​សុខភាព​ទាំងអស់​មាន​ហានិភ័យ​ខ្ពស់​នៃ​ជម្ងឺ​ធ្ងន់ធ្ងរ​បន្ទាប់ពី​មានការ​ឆ្លង​។ លោក Gonsenhauser បាន​បន្ថែមថា ​ប្រសិនបើ​អ្នក ឬ​នរណាម្នាក់​ដែល​អ្នករស់នៅ​ជាមួយ​អ្នកមាន​ទំនាក់ទំនង​ជិត​ស្និ​ទ្ធិ​នឹង​ក្រុមមនុស្ស​ប្រភេទ​នេះ នោះ​ហានិភ័យ​នឹង​កើនឡើង​ ហើយ​អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន​បន្ថែម​។​

​សូម​ស្នាក់​នៅផ្ទះ​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ណាមួយ ឬ​ត្រូវបាន​ប៉ះពាល់​នឹង​វីរុស​

​បុគ្គលិក​នៅ​ស្ថាប័ន​មួយចំនួន​នឹង​សួរ​អ្នក​មុននឹង​ចូល​ថា​តើ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុង​ក្រោយនេះ​ អ្នកមាន​រោគសញ្ញា​ដូច​ជំងឺ​ផ្តាសាយ ឬថា​តើ​អ្នកមាន​ទំនាក់ទំនង​ជាមួយ​អ្នកណាម្នាក់​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជម្ងឺ​កូ​វីដ​១៩​ដែរឬទេ​។ ប៉ុន្តែ​អ្នក​គួរតែ​សួរ​ខ្លួនឯង​នូវ​សំណួរ​ទាំងនេះ​មុនពេល​ដែល​អ្នក​ចូលទៅ​កាន់​កន្លែង​ហាត់ប្រាណ និង​នៅផ្ទះ​។

​សូម​ពាក់​ម៉ាស​រួមទាំង​ពេល​ហាត់ប្រាណ​ប្រសិនបើ​អាច​

​ការពាក់​ម៉ាស​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការឆ្លង​ជម្ងឺ​កូ​វីដ​១៩ ក៏ដូចជា​ហានិភ័យ​នៃ​ការចម្លង​ទៅកាន់​អ្នកដទៃ​។ ជាការ​ពិតណាស់ថា ការពាក់​ម៉ាស​អាច​មិន​ងាយស្រួល​នៅពេល​ដកដង្ហើម​។   ខណៈពេលដែល​កន្លែង​ហាត់ប្រាណ​មួយចំនួន​អនុញ្ញាតឱ្យ​អ្នក​ធ្វើការហាត់ប្រាណ​ដោយ​មិន​ពាក់​ម៉ាស​ ​ដោយ​គ្រាន់តែ​រក្សា​គំលាត​ពីគ្នា​។ ប៉ុន្តែ​វា​នៅតែមាន​សុវត្ថិភាព​បំផុត​ប្រសិនបើ​អ្នក​ពាក់​ម៉ាស​គ្រប់ពេល​។​

​សំអាត​ឧបករណ៍​ហាត់ប្រាណ និង​ដៃ​របស់​អ្នក​

​លោក Gonsenhauser បានផ្តល់​អនុសាសន៍​ថា​“ ហាត់ប្រាណ​នៅ​ទីតាំង​ដែលមាន​អនាម័យ និង​សំអាត​ឧបករណ៍​ហាត់​មុន និង​ក្រោយពេល​ប្រើប្រាស់​” ។ ទោះបីជា​បុគ្គលិក​កន្លែង​ហាត់ប្រាណ​បានធ្វើ​ការសំអាត​ឧបករណ៍​ជាប្រចាំ ប៉ុន្តែ​វា​នៅតែ​អាចមាន​ករណីខ្លះ អ្នក​លើក​ចំ​ដុំ​ដែក​ដែល​អ្នកណាម្នាក់​ទើបតែ​លើក​ហើយ​ដាក់​វា​ចុះ (​ដែល​អាច​ផ្ទុក​នូវ​ភាគល្អិត​វីរុស​ពី​អ្នក​ដែល​ឆ្លង​មេរោគ​) ។ កន្លែង​ហាត់ប្រាណ​របស់​អ្នក​គួរតែមាន​ជែល​លាងដៃ និង​ក្រដាសអនាម័យ​សម្រាប់​ជូត​សម្អាត​ដែល​អាច​ប្រើ​បានជា​ញឹកញាប់​។ លើសពីនេះទៅទៀត អ្នក​គួរ​លាងដៃ​យ៉ាង​ហ្មត់ចត់​ជាមួយ​សាប៊ូ និង​ទឹក​រយៈពេល​២០​វិនាទី​មុន និង​ក្រោយពេល​ហាត់ប្រាណ​។​

​ជៀសវាង​ប្រើប្រាស់​ទូរ​ដាក់​ឥ​វ៉ាន់ និង​កន្លែង​បង្ហូរទឹក​

​ទាំង​លោក Gonsenhauser និង Mayer បានផ្តល់​អនុសាសន៍​ឱ្យ​ជៀសវាង​ប្រើប្រាស់​ទូរ​ដាក់​ឥ​វ៉ាន់ និង​កន្លែង​បង្ហូរទឹក​សាធារណៈ​តាម​ដែល​អាចធ្វើ​ទៅបាន​។ លោក Gonsenhauser មានប្រសាសន៍ថា​“ ទាំងនេះ​គឺជា​កន្លែង​ដែលមាន​ទំនាក់ទំនង​ជិតគ្នា​ដែលជា​ទូទៅ​ទាក់ទង​នឹង​ការ​ប៉ះ​ផ្ទៃ​ជាច្រើន​ហើយ​​ក៏​ជា​កន្លែង​នៃ​ការដកដង្ហើម​ច្រើន​ដែរ​។ ម្យ៉ាងទៀត ក៏គួរ​ចៀសវាង​ប្រើ​កន្លែង​បង្ហូរទឹក​ដែល​កន្លែង​ហាត់ប្រាណ​ខ្លះ​មិនបាន​យក​ចិត​ទុកដាក់​រក្សា​អនាម័យ​ដើម្បី​សុវត្ថិភាព​ទេ​។ លោក Gonsenhauser មានប្រសាសន៍ថា​“ អ្នក​គួរ​យក​ដប​ទឹក​ផ្ទាល់ខ្លួន​ទៅជា​មួយ​” ហើយ​ជាទូទៅ​គួរតែ​ផឹក​ដោយ​មិនចាំបាច់​ប៉ះ​ផ្ទាល់​នឹង​មាត់​។​

​កុំ​ប៉ះពាល់​មុខ​របស់​អ្នក (​ប្រសិនបើ​អ្នកត្រូវការ​ជូត​សំអាត​ញើស សូម​ប្រើ​កន្សែង​)

​កុំ​ប្រើ​ដៃ​ដើម្បី​ជូត​ញើស​ចេញពី​មុខ​របស់​អ្នក​ ព្រោះ​វា​តែងតែ​មានឱកាស​ក្នុងការ​ធ្វើ​ឲ្យ​ប៉ះ​វីរុស​ដោយផ្ទាល់​ទៅក្នុង​ភ្នែក ច្រមុះ ឬ​មាត់​របស់​អ្នក​។ ប្រើប្រាស់​កន្សែង​ដែលជា​ទូទៅ កន្លែង​ហាត់ប្រាណ​ខ្លះ​ផ្តល់​កន្សែង​ឲ្យ​។ លោក Gonsenhauser មានប្រសាសន៍ថា​ជម្រើស​ល្អ​បំផុត និង​ដោយ​ប្រុងប្រយ័ត្ន​គឺ​ត្រូវ​នាំយក​របស់​ខ្លួនឯង​ពី​ផ្ទះ​ទៅ​។​

​សំអាត​គ្រប់យ៉ាង​នៅពេល​អ្នក​ត្រលប់​ទៅផ្ទះ​

​លោក Gonsenhauser មានប្រសាសន៍ថា​“ ទូរស័ព្ទ កាស​ស្តាប់​ត្រចៀក និង​អ្វីៗ​ទាំងអស់​ត្រូវ​សំអាត​” ។ បន្ទាប់ពី​សំអាត​វត្ថុ​ទាំងឡាយណា​ដែល​នៅក្នុង​កន្លែង​ហាត់ប្រាណ​ជាមួយ​អ្នក (​ប្រើ​ក្រដាសអនាម័យ​សំអាត​ក៏បាន​)​។ លោក Gonsenhauser ក៏​ណែរ​នាំឱ្យ​ងូតទឹក និង​ផ្លាស់ប្តូរ​សម្លៀកបំពាក់ (​ទោះបី​ជាមាន​ហានិភ័យ​ទាប​នៃ​មេរោគ​ដែល​រស់​នៅលើ​សម្លៀកបំពាក់​របស់​អ្នក​ក៏ដោយ​)​។​

 

​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam

ប្រភពឯកសារពិគ្រោះEVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam