24. ខែ​មិថុនា 2021

ក្រៅពី​សំឡី​អនាម័យ តើ​ស្ត្រី​អាច​ប្រើ​អ្វី​បាន​ខ្លះ​នៅពេល​មក​រដូវ​? | Health.D Cam

ខែ​ធ្នូ 16, 20201min1090
period-option-product

​មួយខែ​ម្តង​មនុស្ស​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី ១៣ ទៅ ៥០​ឆ្នាំមាន​រដូវ​ចាប់ពី ៣ ទៅ​៧​ថ្ងៃ​ដែល​ឈាម​ចេញពី​ស្បូន​ត្រូវបាន​បញ្ចេញ​តាម​ទ្វារមាស​។ ជាមួយនឹង​រយៈពេល​ស​រុ​ប​ប្រហែល ៤៥០​ដង​នៃ​ការ​មក​រដូវ​សរុប ក្នុង​មួយជីវិត​របស់​ស្ត្រី​ម្នាក់ៗ​។ អ្វីដែល​សំខាន់​នោះ គឺ​អ្នក​ត្រូវ​គិត​អំពី​ផលិតផល​ដែល​អ្នក​បាន​ប្រើ​ដើម្បី​ក្នុងពេល​មក​រដូវ​រប​ស់​អ្នក​។​ នាពេល​បច្ចុប្បន្ននេះ ដោយសារ​មានការ​ផ្លាស់ប្តូរ និង​ភាព​រីកចម្រើន​នៃ​ផលិតផល​ជាច្រើន​ឭ បាន​កំពុងតែ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​និរន្តរភាព និង​ជម្រើស​ដ៏​ត្រឹមត្រូវ​នៃ​ការប្រើ​ផលិត ផល​នៅពេល​មក​រដូវ​។ ខាងក្រោម​នេះ ជា​ជម្រើស​នៃ​ផលិតផល​មួយចំនួន​ដែល​អ្នក​គួរស្វែងយល់​។​

សំឡី​អនាម័យ

ប្រហែលជា​ផលិតផល​ដែល​ត្រូវបាន​គេ​ប្រើ​ជាទូទៅ​បំផុត ដែលមាន​អាយុកាល​ពាណិជ្ជកម្ម​អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍​មកហើយ​។ ពួកវា​ត្រូវបាន​ភ្ជាប់​ទៅនឹង​ផ្នែក​ខាង​ក្នុងនៃ​ខោ​របស់​អ្នក ហើយ​ធ្វើការ​ដោយ​ស្រូបយក​ឈាមរដូវ​តាមរយៈ​ស្រទាប់​នៃ​សំឡី​។ ជាធម្មតា​វា​ធ្វើ​ពី​កំណាត់​រ៉ៃ​យុង កប្បាស និង​ប្លា​ស្ទិ​ក​។ អស់​រយៈពេល​ជាច្រើន​ទសវត្ស​នេះ ការ​រចនា​នៃ​សំឡី​អនាម័យ ត្រូវបាន​វិ​វត្ត​ទៅជា​កាន់តែ​ស្រូបយក​និង​មាន​ផាសុកភាព​ជាមួយនឹង​បន្ទះ​ដ៏​ធំ​ទូលាយ ដែល​អាច​រកបាន​ដើម្បីឱ្យ​សម​នឹង​បរិ​មាណនៃ​ឈាមរដូវ​ផ្សេងៗ​គ្នា​របស់​ស្ត្រី​។​

​យ៉ាងណា​ម៉ិ​ញ ដោយសារតែ​សំលី​អនាម័យ​ប្រភេទ​នេះ គេ​អាច​ប្រើ​បាន​ដោយ​មិន​គិតពី​ផលប៉ះពាល់​នៃ​បរិស្ថាន​ឡើយ ព្រោះ​វា​ត្រូវតែ​ផ្លាស់ប្តូរ ជា​រៀងរាល់​បួន​ម៉ោង​ម្តង ដើម្បី​ការពារ​ក្លិន និង​ការលូតលាស់​របស់​បាក់តេរី​។ លើសពីនេះ វា​ក៏​អាច​មា​ធ្វើ​ឲ្យ​មនុស្ស​មានការ​ចំនាយ​ថវិកា​ច្រើន​ដើម្បី​ទិញ​វា​មក​ប្រើ​ជា​ប្រចាំខែ​។ អ្វីដែល​ល្អ​គឺថាឥឡូវនេះ ស្ត្រី​ក៏​អាចមាន​ជម្រើស​ផ្សេងទៀត គឺ​សំឡី​អនាម័យ​ដែល​អាច​លាង​សម្អាត​បាន​។ វា​អាច​ត្រូវបាន​ប្រើ​ឡើងវិញ​ច្រើនដង ដែល​ជួយ​ទៅដល់​បរិស្ថាន និង​ការចំណាយ​តិចជាង​មុន​។​

សំឡី​តាំ​ប៉ុន (tampon)
​សំឡី​តាំ​ប៉ុន គឺ​ខុសពី​សំឡី​អនាម័យ​ធម្មតា​ត្រង់​ថា​វា​ជា​ទម្រង់​មួយ ដែល​ត្រូវបាន​ប្រើ​នៅ​ខាងក្នុង​ដោយ​បញ្ចូល​វា​ទៅក្នុង​ទ្វារមាស​។ វិធី​នេះ​អាចអនុវត្ត​បាន ហើយ​ស្ត្រី​មួយចំនួន​យល់ថា​វា​មិន​ស្រួល​ប្រើ​នោះទេ​។​ ​សំឡី​តាំ​ប៉ុន ធ្វើការ​ដោយ​ស្រូបយក​ឈាមរដូវ​នៅ​ខាងក្នុង (​ទោះបី​ជាការ​លេច​ធ្លាយ​ខ្លះ ក៏​មិនមែនជា​រឿង​ចម្លែក​ដែរ ដូច្នេះ​ប្រហែលជា​ត្រូវការ​សំឡី​ធម្មតា​ដាក់​បន្ថែម​) ហើយ​អាច​ប្រើ​បាន​ប្រហែល ៤​ម៉ោង ដែល​នៅពេលនោះ​វា​ត្រូវបាន​យកចេញ​ដោយ​ទាញ​ថ្នមៗ​លើ​ខ្សែ​ដែល​ផ្ជា​ប់​។​
​អ្នកប្រើប្រាស់​ជាច្រើន​ចូលចិត្ត​សំលី​តាំ​ប៉ុន ព្រោះ​វា​ហាក់ដូច​ជាមាន​តំ​នុ​ក​ចិត្ត​ជាង​សំឡី​អនាម័យ ដោយសារ​មាន​ទំហំ​តូច​ក្នុងពេល​ប្រើ (​ឧ​. គេ​មើលមិនឃើញ​វា​នៅលើ​ខោ​)​។ លើសពីនេះទៅទៀត វា​អាចមាន​អារម្មណ៍​សុខ​ស្រួល​ជាង បើ​ប្រៀបធៀប​ទៅនឹង​ការ​អង្គុយ​នៅលើ​ទ្រនាប់​សំណី​អនាម័យ​ដែល​ទុក​យូរពេក អាចធ្វើ​ឲ្យ​ស្អុះស្អាប់​។ ដូចគ្នា​នឹង​សំឡី​អនាម័យ​ធម្មតា​ដែរ ដែល​វា​អាច​ចោល​បាន និង​មិន​ងាយ​រលួយ​ទេ​។ ដូច្នេះ​វា​មិនមែនជា​ផលិតផល​ដែល​សម្រួល​ដល់​បរិស្ថាន ឬក៏​ជា​ជម្រើស​ចំណាយ​តិច​នោះ​បំផុត​ទេ​។​

​គំនិត​គួ​ពិចារណា​មួយទៀត​គឺ រោគសញ្ញា​នៃ​ការពុល Toxic Shock Syndrome (TSS)​។ ជាមួយនឹង​ការ​ស្រូបយក​ឈាមរដូវ សំឡី​តាំ​ប៉ុន​ក៏​អាច​ស្រូបយក​ទឹករំអិល​ធម្មជាតិ និង​បាក់តេរី​របស់​ទ្វារមាស​ផងដែរ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​នៃ TSS​។ វា​អាចជា​ករណី​កម្រ​មួយ ប៉ុន្តែ​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​។ ដើម្បី​បន្ថយ​ហានិភ័យ ចូរ​ប្រើ​ប្រភេទ​ដែលមាន​អត្រា​នៃ​ការ​ស្រូបយក​ទាប​បំផុត ដែល​សម​នឹង​លំហូរ​ឈាមរដូវ​របស់​អ្នក​។​

​ពែង​រដូវ (menstrual cup)
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មនុស្ស​ជាច្រើន​បាន​បោះបង់ចោល​ជម្រើស​ប្រពៃណី​ដូចជា សំឡី​តាំ​ប៉ុន tampons និង សំឡី​អនាម័យ​ធ្ម​តា pads ដោយសារ​ការពេញចិត្ត​ពែង​រដូវ​។ ពែង​រដូវ​ដែលមាន​សារធាតុ​យឺត​នេះ ដំណើរការ​ដោយ​ការបត់ និង​បញ្ចូល​ទៅខាង​ក្នុង​។ ដូច្នេះ​វា​នឹង​ស្ថិតនៅលើ​ជញ្ជាំង​ទ្វារមាស​ដែលជា​កន្លែង​ប្រមូលផ្តុំ​នៃ​ឈាមរដូវ​។ វា​ត្រូវការ​ការអនុវត្ត​បន្តិច​ដើម្បី​ទទួលបាន​ទីតាំង​ដ៏​ត្រឹមត្រូវ នោះ​វា​មិនគួរ​ជា​បញ្ហា​ទៀត​ទេ ហើយ​ជាធម្មតា​វា​មាន​ផាសុកភាព​។​
​ពែង​រដូវ​អាច​ប្រើ​បាន​រហូតដល់​ទៅ ១២​ម៉ោង ហើយ​វា​គួរតែ​ត្រូវបាន​យកចេញ ចាក់​ឈាមរដូវ​ចោល និង​លាង​សម្អាត ហើយ​អាច​ប្រើប្រាស់​ឡើងវិញ​តាម​ការចាំបាច់​។ ពែង​រដូវ​អាច​ប្រើ​បាន​រហូតដល់​មួយ​ទសវត្សរ៍ (​ត្រឹមតែ​១០​ឆ្នាំ​ប៉ុណ្ណោះ​) ដែល​ធ្វើឱ្យ​ពួកវា​ក្លាយជា​ជម្រើស​អេកូ​និង​កាបូប​ដែលជា​ជម្រើស​ដ៏​ល្អ​បំផុត​។ វា​ត្រូវបាន​គេ​កត់សម្គាល់ថា​មាន​ហានិភ័យ​តិចតួច នៃ​រោគសញ្ញា​នៃ​ការពុល Toxic Shock Syndrome​។​

ស្រោម​រដូវ (menstrual disc)
​ស្រោម​រដូវ ត្រូវបាន​គេ​ស្គាល់​តិច​ណាស់​។ វា​ធ្វើ​ពី​ផ្លា​ស្ទិ​ច ឬ​ស៊ី​លី​ខន ហើយ​ត្រូវបាន​បញ្ចូល​ទៅក្នុង​ទ្វា​មាស និង​លាតសន្ធឹង​នៅលើ​មាត់ស្បូន​។ ដូចជា​ពែង​រដូវ​ដែរ វា​អាច​ប្រើ​បាន​រហូតដល់ ១២​ម៉ោង ហើយ​ដំណើរការ​ដោយ​ប្រមូល​ឈាម​ក្នុង​ស្រោម និង​ត្រូវ​ការចំណាយ​ពេលខ្លះ​ដើម្បី​រក​វិធី​ប្រើ​វា​អោយបាន​ត្រឹមត្រូវ​។​
​នៅពេល​អ្នក​ប្រើ​រួចរាល់ ត្រូវយក​វា​ចេញ ហើយ​ចាក់​ឈាមរដូវ​ទៅក្នុង​បង្គន់​។ ទោះយ៉ាងណា​ក៏ដោយ វា​ខុសគ្នា​ពី​ពែង​រដូវ ព្រោះ​ស្រោម​រដូវ ភាគច្រើន​មិនអាច​ប្រើ​ឡើងវិញ​បានទេ ដូច្នេះ​វា​មិនមាន​លក្ខណៈ​ជួយ​ដល់​បរិស្ថាន ឬ​សន្សំសំចៃ​នោះទេ​។​

​អត្ថប្រយោជន៍​សំខាន់​មួយ​នៃ​ស្រោម​រដូវ គឺថា​វា​អាច​ប្រើ​នៅក្នុងពេល​អ្នក​រួមភេទ (​មិន​ដូច​សំឡី​តាំ​ប៉ុន និង​ពែង​រដូវ​) ហើយ​មនុស្ស​ខ្លះ​ថែមទាំង​បាន​និយាយថា​ពួកគេ​ធ្លាប់មាន​ការឈឺចាប់​​តិច​តួច​កំឡុងពេល​មក​រដូវ នៅពេល​ប្រើ​វា​។​

​ខោ​ក្នុង​
​ផលិតផល​ចំណូល​ថ្មី​ចុងក្រោយ​គឺ ខោ​ក្នុង​។ វា​មើលទៅ​ដូចជា​ខោ​ទ្រនាប់​ធម្មតា លើកលែងតែ​វា​មាន​ស្រទាប់​ស្រូបយក​ពិសេស ដែល​ការពារ​ការ​លេច​ធ្លាយ​ឈាមរដូវ​មកលើ​សម្លៀកបំពាក់​ហើយ​នៅពេល​លាង​សម្អាត វា​គឺជា​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស​ដែលមាន​និរន្តរភាព​បំផុត​។ ចោ​ក្នុង​ដ៏​ល្អ​មួយ នឹង​ការពារ​ការបញ្ចេញ​ក្លិន ហើយនឹង​ធ្វើ​ឲ្យ​មាន​ផាសុកភាព​ដល់​អ្នក​។​

​ខោ​ក្នុង​ប្រភេទ​នេះ មិនមែនជា​ជម្រើស​ចំណាយ​តិច​បំផុត​នោះទេ ប៉ុន្តែ​វា​ប្រាកដជា​សមរម្យ បើ​ប្រៀបធៀប​នឹង​ការចំណាយ​ច្រើន​ឆ្នាំ​លើ​សំឡី​អនាម័យ​ធម្មតា ឬ​សំឡី​តាំ​ប៉ុន​។ គុណវិបត្តិ​របស់​វា​គឺ មនុស្ស​មួយចំនួន​ជួបប្រទះ​ការ​លេច​ធ្លាយ​នៅ​ថ្ងៃ​មាន​រដូវ​ដំបូង​ដែលមាន​ឈាម​ធ្លាក់​ច្រើនៗ​។ ដូច្នេះ​ពេលខ្លះ ពួកគេ​ប្រើ​វា​ជាមួយ​ផលិតផល​សម្រាប់​ការ​មក​រដូវ​ផ្សេងទៀត​។ ទោះជា​យ៉ាងណាក្តី ការច្នៃប្រឌិត​ថ្មី​នេះ​កំពុង​វិ​វត្ត​យ៉ាង​ឆាប់រហ័ស ហើយ​មានការ​ពេញនិយម​នៅលើ​ទីផ្សារ​ផងដែរ​។​

​ដូច្នេះ សូម​ចងចាំ​ថា អ្នកមាន​ជម្រើស​ច្រើន​ក្នុងការ​ប្រើប្រាស់​ផលិតផល​នៅពេល​មក​រដូវ​។ ជម្រើស​បែបណា វា​អាស្រ័យ​លើ​ចំណង់​ចំណូលចិត្ត ផាក​សុកភាព និង​ការគិតគូរ​ពី​បរិស្ថាន ព្រមទាំង​ថវិកា​ដែល​អ្នក​ត្រូវ​ចំណាយ​ទៅលើ​ផលិតផល​នី​មួ​យៗ​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ IPPF

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam